ដោយ ហ្សូលី
ភ្នំពេញ៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបរិច្ចាគប្រាក់បៀរវត្សរបស់ខ្លួនប្រមាណ ០៧ ខែ ជូនដល់គណៈកម្មាធិកាជាតិ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។

បើតាមឱ្យដឹងពីសាររបស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ផ្ញើជូនឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០២០នេះ ថា ឯកឧត្តមសម្រេចចិត្តបរិច្ចាគប្រាក់បៀរវត្សក្នុងឋានៈជា ឧបនាយករដ្ឋមន្ត្រីនេះគិតចាប់ពី ខែមីនា រហូតដល់ ខែកញ្ញា ឆ្នាំ ២០២០ ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ខណៈដែលវីរុសនេះនៅតែស្ថិតក្នុងស្ថានភាពបន្តរីករាលដាល។
ក្នុងន័យនេះ ឯកឧត្តមយល់ព្រមអនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់ចែងបង្វែរប្រាក់បៀរវត្សរបស់ឯកឧត្តមទៅក្នុងគណនីរបស់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ ១៩៕







