ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ស្ថិតនៅចំពោះមុខនៃវិបត្តិជំងឺឆ្លងជាសាកល Covid-19 នៅពេលបច្ចុប្បន្ននេះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា សេដ្ឋកិច្ចកម្ពុជានឹងទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសវិស័យធំៗចំនួន២ រួមមានវិស័យកាត់ដេរ និងវិស័យទេសចរណ៍។

លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍នៅក្នុងពិធីផ្ទេរ និងប្រគល់តំណែងរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ នេះថា ជុំវិញនៃការផ្ទុះឡើងនៃជំងឺរលាកផ្លូវដង្ហើម Covid-19 ថ្មីត្បិតមិនទាន់មានការបាត់បង់ជីវិតមនុស្សនៅឡើយ ប៉ុន្តែជម្ងឺនេះបាន និងកំពុងបន្តគំរាមកំហែងដល់សង្គមកម្ពុជា និងផលប៉ះពាល់ដល់ផ្នែកសេដ្ឋកិច្ច ដោយបានលេចរូបរាងកាន់តែច្បាស់ និងមានសភាពកាន់តែធ្ងន់ធ្ងរបន្តិចម្តងៗ ជាពិសេសលើវិស័យទ្រទ្រង់កំណើនធំៗពីររួមមាន វិស័យកាត់ដេរ និងទេសចរជាដើម ។
លោកឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថា “ស្ថិតក្នុងគោលការកាត់បន្ថយផលប៉ះពាល់នៃជំងឺ Covid-19 នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការបន្ទាន់ចំនួន២ជុំរួចមកហើយ ដោយក្នុងនោះជុំទី១ ចាបានប់ផ្តើមកាលពីថ្ងៃទី២៤ ខែកុម្ភៈ និងជុំទី២ ចាប់ផ្តើមនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដើម្បីជួយឱ្យធុរកិច្ចអាចបន្តអាជីវកម្មបាន និងជួយសម្រួលដល់កម្មករនិយោជិតផងដែរ” ។
ពាក់ព័ន្ធទៅនឹងជំងឺរាតត្បាតរលាកផ្លូវដង្ហើម Covid-19 នេះ បច្ចុប្បន្នបាន និងកំពុងរាតត្បាតនៅក្នុងប្រទេសជាង ១៩០ ទូទាំងពិភពលោក ខណៈសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក កំពុងក្លាយជាមជ្ឈមណ្ឌលនៃការរាតត្បាតជម្ងឺនេះ។ ចំណែកនៅក្នុងតំបន់ផ្សេងៗទៀតដូចជា តំបន់អាស៊ាន រួមមាន កម្ពុជា ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងប្រទេសសមាជិកដទៃទៀត ក៏មិនអាចគិចផុតពីការគំរាមកំហែងនេះបានឡើយ ៕







