នៅថ្ងៃទី៣ ខែមេសា ស្អែកនេះ យន្តហោះរបស់ប្រទេសបារាំង និងស្វីស នឹងមកដឹកពលរដ្ឋរបស់ខ្លួនចេញពីកម្ពុជា

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋាភិបាលប្រទេសស្វីស និងប្រទេសបារាំង បានសម្រេចបញ្ជូនយន្តហោះមកកាន់កម្ពុជា ដោយចុះចតនៅព្រលានយន្តហោះភ្នំពេញ-អន្តរជាតិ ដើម្បីដឹកជញ្ជូនពលរដ្ឋរបស់ខ្លួនដែលជាអ្នកទេសចរជាប់គាំងនៅកម្ពុជា ដោយសារតែគ្មានជើងហោះហើរ។

រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ជា អូន បានមានប្រសាសន៍កាលពីរសៀលនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ថា រដ្ឋាភិបាលស្វីស និងបារាំង សម្រេចបញ្ជូនយន្តហោះពិសេសចំនួន២គ្រឿង មកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីដឹកភ្ញៀវទេសចរ ដែលជាពលរដ្ឋរបស់ខ្លួន ចេញពីកម្ពុជាត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ ក្រោយជាប់គាំងគ្មានជើងហោះហើរ។

លោក ជា អូន បានបញ្ជាក់ថា ដោយមានការខិតខំប្រឹងប្រែងពីរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ និងក្រសួងការបរទេស ជួយសម្របសម្រួលនោះ យន្តហោះពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ Swiss International Arilines មួយគ្រឿង ប្រភេទ Airbus A340 បានចុះចតនៅអាកាសយានយន្តដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោងប្រមាណ៣ រសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ដោយមកដឹកភ្ញៀវទេសចរជនជាតិអាល្លឺម៉ង់ ស្វីស និងអឺរ៉ុបមួយចំនួន ឆ្ពោះទៅកាន់ប្រទេសរបស់ពួកគេវិញ បន្ទាប់ជាប់គាំដោយសារគ្មានជើងហោះ។ យន្តហោះប្រភេទ Airbus A340 របស់ស្វីស ដែលហោះហើរមកកម្ពុជាជាលក្ខណៈការទូតនេះ នឹងចាកចេញពីកម្ពុជា នៅម៉ោង៨ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០។

លោករដ្ឋលេខាធិការប្រចាំការបានបន្ថែមថា នៅត្រឹមថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ រដ្ឋាភិបាលបារាំង ក៏បញ្ជូនយន្តហោះមួយគ្រឿង ប្រភេទយន្តហោះ Boing 747 មកចុះចតនៅរាជធានីភ្នំពេញ ក្នុងរូបភាពការទូត ដើម្បីមកដឹកជញ្ជូនជនជាតិបារាំងជាអ្នកទេសចរ ដែលនៅសេសសល់ចុងក្រោយបំផុត បន្ទាប់ពីជាប់គាំងគ្មានជើយហោះហើរចេញពីកម្ពុជាវិលត្រឡប់ទៅប្រទេសបារាំងវិញ ដោយនឹងត្រូវហោះហើរនៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here