ដោយវុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលបានប្រកាសផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណ នៅទូទាំងប្រទេស ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃនេះតទៅ រហូតដល់ស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ១៩ត្រូវបានបញ្ចប់ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីក រាលដាលនៃជំងឺនេះ។ នេះ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអបរំយុវជន និងកីឡាចេញផ្សាយនៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២០។
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន ៤នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានឡើងដល់ ១១៤នាក់។
បើតាមក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកឆ្លងថ្មី ៤នាក់នេះ ត្រូវបានរកឃើញ រួមមាន ជនជាតិបារាំង ៣នាក់នៅខេត្តព្រះសីហនុ ស្ថិតក្នុងក្រុមអ្នកទេសចរបារាំង ដែលបានរកឃើញវិជ្ជមានមេរោគកូវីដ១៩ ជាបន្តបន្ទាប់ នាពេលកន្លងមក និង បុរសជនជាតិម៉ាឡេស៊ី បានរកឃើញនៅខេត្តកំពង់ចាម។
ក្រសួងសុខាភិបាល ក៏បានឱ្យដឹងដែរថា ចំណែកអ្នកជាសះស្បើយវិញ ក៏មានកើនបាន ១នាក់ផងដែរ ដែលជាទារកអាយុ ៤ខែ កូនបង្កើតបុរសជនជាតិបារាំង និងបានចាកចេញពីមន្ទីរពេទ្យកុមារជាតិ។
សរុបអ្នកឆ្លងមេរោគ COVID-19 ទូទាំងប្រទេសមានចំនួន ១១៤ នាក់ អ្នកជាសះស្បើយមានចំនួន ៣៥នាក់ ស្មើនឹង ៣០,៧០% ធៀបទៅនឹងចំនួនអ្នកកើត COVID-19 ទាំងអស់៕






