ADB៖ សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងហក់ឡើង៥,៧ភាគរយវិញក្នុងឆ្នាំ២០២១

0

ដោយច្រាយ ចំណាន

ភ្នំពេញៈ ធនាគារអភិវឌ្ឍអាស៊(ADB)បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាអាចនឹងហក់ឡើងវិញដល់៥.៧%ក្នុងឆ្នាំ២០២១ខាងមុខ ប្រសិនបើវិបត្តិនៃជំងឺកូរ៉ូណា ឬកូវីដ១៩បញ្ចប់។

នាយិកាធនាគារអភិវឌ្ឍអាស៊ីADBប្រចាំប្រទេសកម្ពុជា លោកស្រី Sunniya Durrani Jamal បានលើកឡើងថា «សកម្មភាពសេដ្ឋកិច្ច នឹងត្រឡប់មករកសភាពដើមវិញប្រសិនបើជំងឺរាតត្បាតកូវីដ១៩បញ្ចប់ ហើយសេដ្ឋកិច្ចកម្ពុជារំពឹងថានឹងហក់ឡើងដល់ ៥.៧ភាគរយ”។

លោកស្រីបន្តថា ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមដោយជំងឺកូវីដនេះ រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការបន្ទាន់មួយចំនួន ដូចជា គាំទ្របវត្សរ៍ដល់កម្មករកម្មការិនីកាត់ដេរ ការសម្រាលពន្ធ បំណុលដល់អាជីវកម្មនានាជាដើម។ មិនតែប៉ុណ្ណោះក៏មានការរៀបចំថវិកាបម្រុងចាំបាច់ ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចដោយសារវិបត្តិនេះផងដែរ។

របាយការណ៍របស់ADBបានបងង្ហាញថា ដើមឆ្នាំ២០២០នេះ ផ្នែកសេវាកម្មរបស់កម្ពុជា នឹងធ្លាក់ចុះប្រមាណ១.៧%ដោយ​សារឱនភាពវិស័យទេសចរ និងការថមថយនៃកំណើនអចលនទ្រព្យ។ រីឯកំណើននៃវិស័យឧស្សាហកម្ម បានត្រូវព្យាករថា នឹងចុះដល់៦.៥% ដោយសារកម្រិតទាប នៃផលិតកម្មសម្លៀកបំពាក់សម្រាប់ការនាំចេញ ក៏ដូចជាវិស័យសំណង់ ដែលបន្ថយល្បឿន។

លោកស្រីបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាថា រដ្ឋាភិបាលចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ជំងឺនេះ ព្រោះបើមិនដូច្នេះទេ វិស័យទេសចរណ៍ និងសេវាកម្ម អាចមានការលំបាកងើបឡើងវិញ។

ធនាគារអភិវឌ្ឍអាស៊ីបានផ្តល់កញ្ចប់ថវិកាបម្រុង សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដែលជាសមាជិក ក្នុងការដោះស្រាយផ្នែកសេដ្ឋកិច្ច និងកិច្ចគាំពារសង្គម ដែលសរុបមានចំនួន៦.៥ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្លើយតបនឹងកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here