រដ្ឋមន្រ្តីកសិកម្មៈ ស្រុកស្អាងបាននឹងកំពុងកែប្រែមុខមាត់ថ្មីដោយសារការរីកចំរើន លើវិស័យកសិកម្ម

0

ដោយវុត្ថា

ខេត្តកណ្តាលៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមញ្ញ និងនេសាទលោកវេង សាខុន បានអះអាងថា  ស្រុកស្អាងបាននឹងកំពុងកែប្រែមុខមាត់ថ្មី ដោយសារកម្រិតជីវភាពត្រូវបានលើកកម្ពស់ បច្ចេកទេសកសិកម្មត្រូវបានកសិករទទួលយក ស្របតាមឆន្ទ: និងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលចង់ឃើញ ប្រជាពលរដ្ឋមានជីវភាពសម្បូរសប្បាយ រស់នៅជួបជុំគ្រួសារ សុខក្សេមក្សាន្ត និងមានសុភមង្គល។


លោក វេង សាខុនបានលើកឡើងបែបនេះ ក្នុងពេលចុះមកពិនិត្យសកម្មភាព និងវឌ្ឍនភាព នៃខ្សែសង្វាក់ផលិតកម្មបន្លែសុវត្ថិភាព នៅស្រុកស្អាងនាថ្ងៃទី ខែមីនា ឆ្នាំ ២០២០នេះ ឱ្យដឹងថា សមិទ្ធផលដែលប្រជាកសិករទទួលបាននាពេលនេះ គឺផលដំណាំ ប្រាក់ចំណូល ការជួបជុំ និងសុភមង្គលក្នុងគ្រួសារ ហើយអ្វីទាំងអស់នេះគឺជាឆន្ទ: និងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជានាយករដ្ឋមន្រ្តី ចង់បាន  និងចង់ឃើញ។

លោករដ្ឋមន្ត្រីបន្តថា ជាក់ស្តែងសមិទ្ធផលទាំងអស់នេះ កើតចេញពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់បងប្អូនផ្ទាល់ ម្ចាស់ជំនួយ អ្នកអនុវត្តគម្រោង រួមផ្សំជាមួយការយកចិត្តទុកដាក់អនុវត្តបច្ចេកទេសបានត្រឹមត្រូវ។លោកបន្តថាពិតណាស់ គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ស្ថិរភាពសង្គម សេដ្ឋកិច្ច និងនយោបាយពេញលេ ដែលបង្កលក្ខណ:ងាយស្រួលឲ្យបងប្អូនប្រជាពលរដ្ឋ រស់នៅប្រកបដោយភាពសុខដុមរមនា ប្រកបរបរធ្វើស្រែចំការ ចិញ្ចឹមសត្វ ត្រី និងដាំដំណាំតាមលទ្ធភាពរៀងៗខ្លួនដើម្បីនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ

ជាមួយគ្នានេះ លោក រដ្ឋមន្ត្រីបានស្នើសុំឲ្យប្រជាពលរដ្ឋ ខិតខំប្រឹងប្រែងបន្ថែមទៀតលើការងារបង្កបង្កើនផល ធ្វើយ៉ាងណាបង្កើនបរិមាណផលិត ធានាគុណភាព លើកកម្ពស់សមត្ថភាពកែច្នៃវេចខ្ចប់ ដើម្បីធ្វើការប្រកួតប្រជែង ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងចំណង់ចំណូលចិត្តអ្នកបរិភោគ កំណើនចំណូលគ្រួសារ និងកាត់បន្ថយភាពក្រីក្រ និងជាពិសេសកាត់បន្ថយការនាំចូល។


លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានឱ្យដឹង វិស័យផលិតកម្ម បន្លែនៅក្នុងខេត្តកណ្តាល មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយនេះពិតជាបានរួមចំណែកក្នុងការអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម (២០១៩២០២៣) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ជាមួយនឹងការរីកចំរើននេះ លោកបន្តថា  វិស័យផលិតកម្មបន្លែ របស់កសិករ ត្រូវបានដឹកយកទៅផ្គត់ផ្គង់ នៅក្នុងផ្សារទំនើបនានា ដូចជាផ្សារម៉ាក្រូ ផ្សារអេអនម៉ល និងផ្សារផ្សេងទៀតនៅក្នុងទីក្រុងភ្នំពេញ ដើម្បីយកទៅចែកចាយដល់អតិថិជនរបស់ខ្លួន។ លោកអភិបាលខេត្តកណ្តាលថ្មីរូបនេះបញ្ជាក់ថា បច្ចុប្បន្នទូទាំងខេត្ត កណ្តាលអាចផ្គត់ផ្គង់បន្លែគ្រប់ប្រភេទទៅកាន់ទីផ្សារ រាជធានីភ្នំពេញបានចំនួន១៥០តោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here