សម្តេចតេជោជំរុញឱ្យរោងចក្រផលិតមីក្នុងស្រុកផលិតមីជូនរដ្ឋាភិបាលសម្រាប់ផ្គត់ផ្គង់ដល់ពលរដ្ឋដែលអត់ស្បៀងអាហារ

0

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ចែងឱ្យរោងចក្រផលិតមីក្នុងប្រទេសដើម្បីផលិតមីជូនរាជរដ្ឋាភិបាលសម្រាប់ផ្គត់ផ្គង់ជូនបងប្អូនប្រជាពលរដ្ឋដែលអត់ស្បៀងអាហារ ខណៈពេលដែលមានជូបនូវវិបត្តិនូវការរាតត្បាតជាសកលនៃជំងឺCOVID 19 ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅក្នុងទំព័រសហ្វេសបុកកាលពីល្ងាចថ្ងៃទី ៥ខែមេសាឆ្នាំ ២០២០នេះថា ស្របជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលក៏បានត្រៀមរៀបចំអោយរោងចក្រផលិតទឹកបរិសុទ្ធក្នុងប្រទេស ត្រៀមផលិតទឹកស្អាតដប ដើម្បីបម្រុងទុកសម្រាប់ជួយផ្គត់ផ្គង់ដោះស្រាយជូនប្រជាពលរដ្ឋ។

សម្តេចតេជោថ្លែង “ទោះបីយើងមិនទំនើបដូចប្រទេសគេ តែយើងមានវិធានការជាក់ស្តែងច្បាស់លាស់ក្នុងការចាត់ចែងដោះស្រាយបញ្ហា គឺយើងអាចស្រោចស្រង់ដោះស្រាយជូនប្រជាពលរដ្ឋយើងបាន មិនអោយធ្លាក់ទៅក្នុងការភ័យខ្លាចបាត់បង់អស់ក្តីសង្ឃឹមក្នុងជីវិតឡើយ”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីកន្លងទៅថ្មីៗនេះ បានប្រកាសផ្អាកមិនអោយនាំអង្ករស និងស្រូវចេញទៅក្រៅប្រទេស ហើយអនុញ្ញាត្តអោយនាំចេញតែអង្ករក្រអូបតែប៉ុណ្ណោះ ព្រោះពេលនេះកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩។ ជាមួយគ្នានេះ សម្តេចតេជោបានចេញបញ្ជាអោយផ្អាកការនាំត្រីចេញពីប្រទេសថែមទៀត ។

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាអោយអាជ្ញាធរគ្រប់គ្រងនៅតាមទីផ្សារមិនអោយមានការតម្លើងថ្លៃត្រី និងហាមឃាត់មិនអោយនាំត្រីចេញទៅលក់នៅក្រៅប្រទេសឡើយនៅក្នុងស្ថានភាពដូចសព្វថ្ងៃនេះ ដើម្បីរក្សាទុកសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងប្រទេស ៕

LEAVE A REPLY

Please enter your comment!
Please enter your name here