សម្តេចតេជោបញ្ជាឱ្យផ្អាកជើងហោះហើរដឹកពលរដ្ឋខ្មែរ ១៥០រូប ពីម៉ាឡេស៊ីមកកាន់កម្ពុជា

0

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាឱ្យលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឱ្យផ្អាកជើងហោះហើរមួយគ្រឿងដែលដឹកពលរដ្ឋខ្មែរចំនួន ១៥០រូបមកពីម៉ាឡេស៊ី និងមកដឹកពលរដ្ឋខ្លួនត្រឡប់ទៅវិញដែលជាប់នៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងសន្និសីទព័ត៌មានពិសេសមួយ ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅកម្ពុជានៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះឱ្យដឹងថា សម្តេចតេជោសម្រានមិនលក់បន្ទាប់ពីទទួលបានព័ត៌មាន ពីលោក ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលថាមានយន្តហោះម៉ាឡេស៊ីមួយគ្រឿងដឹកពលរដ្ឋខ្មែរចំនួន ១៥០ នាក់ មកពីម៉ាឡេស៊ី មកាន់កម្ពុជានៅព្រឹកនេះ ហើយដឹកពលរដ្ឋដែលជាប់គាំងនៅក្នុងប្រទេសកម្ពុជាត្រឡប់ទៅវិញ។

ភ្លាមៗនោះ សម្តេចតេជោ បានប្រាប់ទៅលោកឧបនយកដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យមានការផ្អាកការហោះហើរមកកាន់កម្ពុជាជាបន្ទាន់ បើមានការហោះហើរ ត្រូវតែមានយន្តហោះទទេ តែត្រូវមានលាយលក្ខឱ្យបានត្រឹមត្រូវ តែមិនចឹងទេ មកដល់កម្ពុជាភ្លាម និងចាក់សំាងយន្តហោះរួចហើយឱ្យត្រឡប់ទៅវិញ។

សម្តេចតេជោបានអំពាវនាវដល់ពលរដ្ឋកម្ពុជាដែលកំពុងនៅក្នុងប្រទេសម៉ាឡេស៊ីដែលមានបំណងមកកាន់ប្រទេសកម្ពុជាក្នុងកាលៈទេសនេះ សុំស្នាក់នៅទីនោះមួយរយៈសិន ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 នៅក្នុងប្រទេសកម្ពជា និងសូមមានការយោគយល់ចំពោះបញ្ហានេះ ដោយសារកន្លងមកនេះមានពលរដ្ឋខ្មែរមួយបានឆ្លងបន្ទាប់ពីត្រឡប់មកពីប្រទេសម៉ាឡេស៊ីផងដែរ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា តាមការពិតការរកឃើញអ្នកឆ្លងជំងឺ Covid-19 នៅក្នុងប្រទេសកម្ពុជា នាពេលនេះ គឺដោយសារមានការនាំចូលពីខាងក្រៅប៉ុណ្ណោះ មិនទាន់មានការឆ្លងនៅក្នុងសហគមន៍នោះទេ ក្នុងន័យនេះ ក៏យើមិនបណ្តែតបណ្តោយផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here