សម្តេចតេជោសម្រេចកាត់បន្ថយថវិកាជាតិ៩០០លានដុល្លារពីស្ថាប័នរដ្ឋសម្រាប់បំរុងទុកប្រយុទ្ធCovid-19

0

ដោយវុត្ថា

ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចកាត់បន្ថយថវិកាពីស្ថាប័នរដ្ឋប្រមាណ៩១៨លានដុល្លារអាមេរិក សម្រាប់ត្រៀមបម្រុងទុក ដើម្បីប្រយុទ្ធប្រឆាំនឹងជំងឺCovid-19 ខណៈដែលកម្ពុជាបាននឹងកំពុងប្រយុទ្ធឆាំង ស្របពេលដែលប្រទេសនៅក្នុងពិភពលោក មិនទាន់បានប្រកាសពីការរកឃើញថ្នាំព្យាបាលនៅឡើយ។


សម្ដេចតេជោ ហ៊ុន សែន នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២០នេះឱ្យដឹងថា រាជរដ្ឋាភិបាលត្រូវបង្ខំចិត្តកាត់បន្ថយការចំណាយពីរដង លើកទី១កាត់បន្ថយការចំណាយចំនួន៤៤៣លានដុល្លារអាមេរិក និងលើកទី២ កាត់បន្ថយការចំណាយចំនួន៤៧៥លានដុល្លារអាមេរិក ដែលសរុបទាំងពីរលើកនេះមានចំនួន៩១៨លានដុល្លារអាមេរិកសម្រាប់ត្រៀមបម្រុងទុក ដើម្បីប្រយុទ្ធប្រឆាំនិងជំងឺ Covid-19

សម្ដេចតេជោថ្លែងថា មកដល់ពេលនេះ ចំពោះស្តុកបម្រុងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំនឹង ជំងឺCovid-19 គឺបង្កើតឱ្យមានស្តុកពីរ ទី១ ស្តុករបស់ក្រសួងសុខាភិបាល ដែលត្រូវដកយកចំណាយជាប្រចាំទៅឱ្យតាមមន្ទីរពេទ្យ ដូច្នេះត្រូវបង្កើតស្តុកមួយដោយឡែកទៀត នោះគឺស្តុករបស់រាជរដ្ឋាភិបាល

សម្ដេចតេជោបន្តថា  កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាល នៃសង្គ្រាមប្រឆាំងនឹងជំងឺCovid-19 ដែលជាជំងឺរីករាលដាលជាសកល ហើយដែលមកដល់ពេលនេះ សង្គ្រាមមួយនេះ ស្ថិតក្នុងស្ថានភាពទប់ទល់តែប៉ុណ្ណោះ។ គ្មានទេពាក្យដែលហៅថាវាយលុក ព្រោះយើងមិនដឹងថា សត្រូវពិតប្រាកដវានៅទីណានោះទេ ខុសគ្នាជាមួយនឹងផ្នែកយោធាដែលមានការវាយទប់ទល់ផង ឬការវាយលុក និងមានការដកថយ។

សម្ដេចតេជោបន្ដថា  សម្រាប់យើងគ្មានទេពាក្យវាយលុក ហើយក៏គ្មានដែរពាក្យដែលថា ឈ្នះទៅលើសង្គ្រាមមហន្តរាយបែបនេះ គ្មានទេពាក្យដែលថាចំណេញ មានតែខាត គ្រាន់តែថាខាតតិចឬខាតច្រើនតែប៉ុណ្ណោះ សម្ដេចសង្កត់ធ្ងន់ថា  នេះជាចំណុចដែលយើងត្រូវដឹងជាមុន អំពីនិយមន័យនៃសង្គ្រាមប្រឆាំងនឹងជំងឺCovid-19


ដូច្នេះសង្គ្រាមប្រឆាំងនឹងCovid-19នេះ យើងត្រូវដាក់ទៅក្នុងក្របខ័ណ្ឌយុទ្ធសា ស្ត្ររយៈពេលវែង ព្រោះជំងឺឆ្លងនេះមិនទាន់ឃើញសញ្ញាថមថយចុះនៅឡើយទេ ហើយក៏មិនទាន់មានថ្នាំព្យាបាលដែរ។

សម្ដេចតេជោហ៊ុន សែនបានបន្ថែមថា ឥឡូវនេះយើងកំពុងបន្តប្រយុទ្ធនិងលើមុខព្រួញបី ក្នុងពេលតែមួយ ជាមួយនឹងសង្គ្រាមប្រឆាំងនឹងជំងឺCovid-19 ទី១ ប្រយុទ្ធនឹងការឆ្លងចូលមកពីខាងក្រៅ ទី២ទប់ស្កាត់អ្នកឆ្លងជំងឺទៅកាន់មនុស្សដទៃ និងទី៣ ខិតខំព្យាបាលអ្នកឆ្លងជំងឺឱ្យជាសះស្បើយ

ស្ថានភាពជំងឺCovid-19 នៅទូទាំងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ រួមមាន អ្នកព្យាបាលជាសះស្បើយសរុបកើនដល់៥៨នាក់ អ្នកកំពុងសម្រាកព្យាបាល បានថយចុះមកនៅសរុប៥៧នាក់ អ្នកមានវីរុសCovid-19 ដែលបានរកឃើញនៅទូទាំងប្រទេសមានចំនួន១១៥នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here