ដោយ ហ្សូលី
ហុងកុងៈ សណ្ឋាគារ InterContinental នៅលើមាត់ទន្លេ Tsim Sha Tsui ក្នុងទីក្រុងហុងកុង បានសម្រេចបញ្ឈប់បុគ្គលិកប្រហែល៥០០នាក់ ខណៈដែលសណ្ឋាគារនេះមានគម្រោងជួសជុលរយៈពេល២ឆ្នាំ ។

លោក Alex Tsui ប្រធានសហជីពនិយោជិកសណ្ឋាគារ នៅក្រុងហុងកុងបានមានប្រសាសន៍ថា “ថ្ងៃធ្វើការរបស់បុគ្កលិកគឺនៅថ្ងៃទី១ ខែ ឧសភា ឆ្នាំ ២០២០ ខាងមុខនេះ។ បុគ្គលិកមួយចំនួនតូចនឹងត្រូវបានរក្សាទុក ដើម្បីដំណើរការភោជនីយដ្ឋានចិនមួយ ដែលនឹងនៅតែបើកដំណើរការក្នុងកំឡុងពេលជួសជុល។
សណ្ឋាគារលំដាប់ផ្កាយនេះមានបន្ទប់ចំនួន៥០៣បន្ទប់ ហើយត្រៀមនឹងបិទទ្វារអាជីវកម្មរបស់ខ្លួននៅថ្ងៃទី២០ខែមេសា។ សណ្ឋាគារនេះ ធ្លាប់មានបុគ្គលិកប្រហែល ៧០០នាក់កាលពីឆ្នាំមុន ប៉ុន្តែកម្លាំងបុគ្គលិកត្រូវបានកាត់បន្ថយនៅចំពោះមុខ ព្រោះការធ្លាក់ចុះនៃវិស័យទេសចរណ៍ ដែលបានកើតឡើងដោយការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល។
តែយ៉ាងណា និយោជករបស់សណ្ឋាគារ InterContinental មិនមានការឆ្លើយតបប្រតិកម្មពាក់ព័ន្ធរឿងរ៉ាវទាំងនេះនៅឡើយទេ។ ការបញ្ឈប់ និងការជួសជុលត្រូវបានធ្វើឡើងនៅពេលដែលវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចរបស់ហុងកុង បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺរាតត្បាត Covid-19 ។
ចំនួនភ្ញៀវទេសចរបានធ្លាក់ចុះ៩៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែកុម្ភៈ ឆ្នាំ ២០២០នេះ ធ្លាក់ដល់ចំនួន១៩៩,០០០នាក់ ដែលជាមធ្យមក្នុងឆមាសទីមួយចំពេលមានវិធានការរឹតបន្តឹងសុខភាពសាធារណៈ។
សណ្ឋាគារនេះដំណើរការដោយក្រុមហ៊ុន InterContinental Hotels Group ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានឱ្យដឹងថា នៅពេលបញ្ចប់ការសាងសង់សណ្ឋាគារនឹងប្តូរឈ្មោះទៅជា Regent Hong Kong ដែលជាយីហោដើមរបស់ខ្លួន ចាប់តាំងពីការបើកដំណើរការដំបូងនៅឆ្នាំ១៩៨០ ។

នៅក្នុងសេចក្តីប្រកាសរបស់សណ្ឋាគារបាននិយាយថា ខ្លួននឹងព្យាយាមរៀបចំនិយោជិករបស់ខ្លួន ឱ្យទៅធ្វើការនៅសណ្ឋាគារផ្សេងទៀត ក្រោមក្រុមហ៊ុនតែមួយហើយនឹងពិចារណាជួលពួកគេ ដោយផ្អែកលើអាទិភាពនៅពេលបញ្ចប់ការជួសជុល៕
(South Morning China Post)






