មេ Amazon ជាប់ជាមហាសេដ្ឋីមានទ្រព្យសម្បត្តិជាងគេលើពិភពលោកជាថ្មីម្តងទៀត

0

ដោយ ប៊ី
ភ្នំពេញ៖ សូម្បីតែការលែងលះដែលតម្លៃជិត ៤០ ពាន់លានដុល្លារក៏មិនអាចផ្តួលរំលំ លោក Jeff Bezos ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Amazon ពីមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើលោកបានដែរ។

សម្រាប់ឆ្នាំទី ៣ ជាប់ៗគ្នា លោក Bezos បានឈរនៅលើគេក្នុងបញ្ជីចំណាត់ថ្នាក់មហាសេដ្ឋីពិភពលោករបស់ Forbes។ ទ្រព្យសម្បត្តិសុទ្ធរបស់គាត់បានធ្លាក់ចុះ ១៨ ពាន់លានដុល្លារកាលពីឆ្នាំមុនមកនៅត្រឹម ១១៣ ពាន់លានដុល្លារ ដោយសារការបែងចែកទ្រព្យទៅឱ្យអតីតភរិយារបស់លោកគឺលោកស្រី MacKenzie Bezos។ នេះបើយោងតាមទស្សនាវដ្តី Forbes។

ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានកើនឡើង ១៥ ភាគរយកាលពីឆ្នាំមុន ដែលជួយទូទាត់នូវការខាតបង់មួយចំនួន។
លោកស្រី MacKenzie Bezos ក៏បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងបញ្ជីមហាសេដ្ឋីលើពិភពលោកនេះផងដែរ ដោយសារតែការទូទាត់ការលែងលះដែលមានទឹកប្រាក់ ៣៨ ពាន់លានដុល្លារ។ ជាផ្នែកមួយនៃដំណោះស្រាយ លោកស្រីទទួលបានភាគហ៊ុន ២៥ ភាគរយនៃភាគហ៊ុនរបស់ក្រុមហ៊ុន Amazon។ ឥឡូវ លោកស្រីជាប់ចំណាត់ថ្នាក់ទី ២២ ក្នុងបញ្ជីរបស់ Forbes។

ទស្សនាវដ្តី Forbes បានបង្ហាញបញ្ជីឈ្មោះលើកទី ៣៤ កាលពីថ្ងៃអង្គារ។ បញ្ជីនេះត្រូវគិតគូរពីការឆ្លងរាលដាលនៃ COVID-19 ដែលបានធ្វើឱ្យទីផ្សារពិភពលោកមានការភិតភ័យក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ សម្រាប់ឆមាសទី ១ នៃខែមីនា មនុស្សចំនួន ២២៦ នាក់បានបាត់បង់ឋានៈជាមហាសេដ្ឋី ហើយមានមហាសេដ្ឋីចំនួន ៥៨ នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាសរុប Forbes បានរាប់បញ្ចូលមហាសេដ្ឋីចំនួន ២,០៩៥ នាក់។

ទស្សនាវដ្តី Forbes បានឱ្យដឹងថា “ក្នុងចំណោមមហាសេដ្ឋីដែលនៅសេសសល់ ៥១ ភាគរយ គឺក្រជាងពួកគេកាលពីឆ្នាំមុន។ បើនិយាយ ឱ្យចំទៅ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីលើពិភពលោកមានតម្លៃ ៨ ទ្រីលានដុល្លារ ធ្លាក់ចុះ ៧០០ ពាន់លានដុល្លារចាប់ពីឆ្នាំ ២០១៩”។

សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ស្ថិតនៅលំដាប់ទី ២ ដោយមានទ្រព្យ ៩៨ ពាន់លានដុល្លារ កើនឡើង ១,៥ ពាន់លានដុល្លារ។ លោក Bernard Arnault ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន LVMH បានដកលោក Warren Buffett ចេញពីតំណែងទីបីដោយមានទ្រព្យ ៧៦ ពាន់លានដុល្លារ។ ទឹកប្រាក់ចំនួន ៦៧,៥ ពាន់លានដុល្លារទ្រព្យសម្បត្តិរបស់លោក Buffett បានស្ថិតនៅលំដាប់ទី ៤។

ស្ត្រីដែលមានជាងគេបំផុតនៅលើពិភពលោកនៅតែបន្តជាអ្នកស្នងមរតករបស់ Walmart (WMT) ឈ្មោះ Alice Walton ។ លោកស្រីស្ថិតក្នុងចំណាត់ថ្នាក់លេខ ៩ ជាមួយទឹកប្រាក់ ៥៤,៤ ពាន់លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here