ដោយគង់ សូរិយា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ពលរដ្ឋខ្មែរត្រូវតែមានស្បៀងអាហារទទួលទាន ទោះបីស្ថានភាពក្នុងប្រទេសបែបណាក៏ដោយ។
សម្តេចបានសរសេរលើគណនីផ្ទាល់ខ្លួន លើបណ្តាញទំនាក់ទំនងសង្គម នារសៀលថ្ងៃទី៨ មេសានេះថា នៅក្នុងដំណាក់កាលដែលកម្ពុជា កំពុងប្រយុទ្ឋប្រឆាំងនឹងជំងឺកូវីដ-១៩ ពេលនេះរាជរដ្ឋាភិបាលបានផ្អាកការនាំចេញអង្ករ និងត្រីទៅក្រៅប្រទេស ដើម្បីអោយផលិតផលទាំងនេះកាន់តែសំបូរ និងងាយស្រួលរកទិញ ជាមួយតម្លៃធម្មតានៅទូទាំងប្រទេស។ ប៉ុន្តែចំពោះអង្ករក្រអូបដែលមានកុងត្រា នាំចេញទៅប្រទេសចិនជាមិត្តគឺនៅដំណើរការធម្មតា។
ក្រៅពីអង្ករ និងត្រី គឺសម្តេចតេជោនាយករដ្ឋមន្រ្តី បានឲ្យត្រៀមអំបិល និងត្រៀមរោងចក្រផលិតមី និផលិតទឹកសុទ្ធដបសម្រាប់ជួយប្រជាពលរដ្ឋផងដែរ។ សម្តេចបញ្ជាក់ថា “ដូច្នេះទោះបីកម្ពុជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរត្រូវតែមានស្បៀងអាហារទទួលទានដែរ”៕