ដោយវុត្ថា
ភ្នំពេញ៖ សម្ព័ន្ធសម្លៀកបំពាក់យីហោអ៊ឺរ៉ុប (European Branded Clothing Alliance) បានស្នើឱ្យសហភាពអឺរ៉ុបពន្យារពេលដកប្រព័ន្ធអនុគ្រោះពន្ធដែលបានផ្តល់ឱ្យកម្ពុជាក្រោមគម្រោងកម្មវិធី “អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ” (EBA) របស់សហភាពអឺរ៉ុប។
នៅក្នុងលិខិតមួយផ្ញើទៅកាន់ប្រធានគណៈកម្មការអឺរ៉ុប លោក Ursula von der Leyen កាលពីសប្តាហ៍មុន ប្រធានសម្ព័ន្ធសម្លៀកបំពាក់យីហោអ៊ឺរ៉ុប លោក Ignacio Sierra Armas បាននិយាយ ថា ជំងឺផ្លូវដង្ហើមប្រភេទថ្មី Covid-19 បាន បង្កើតជាបញ្ហាប្រឈមដែលមិនធ្លាប់មាននៅក្នុងសាកលភាវូបនីយកម្មរបស់យើង” ។
លោកបន្តថា ការបិទហាងលក់ដូរសម្លៀកបំពាក់លក់រាយក្នុងរយៈពេលមិនប្រាកដប្រជានៅក្នុងប្រទេសដែលជាហភាពអឹរ៉ុប ខណៈការកើតឡើងនូវជំងឺCovid-19 កំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍការងារ និងកំណើន។
លោក Sierra បានស្នើសុំវិធានការគាំទ្រចំនួន ៧ ពីសហគមន៍អ៊ឺរ៉ុបនិងបណ្តាប្រទេសជាសមាជិក ដើម្បីបង្កើនភាពប្រាកដប្រជានិងអនុញ្ញាតឱ្យបន្តគាំទ្រដល់និយោជិករបស់យើងនៅក្នុងសហភាពអ៊ឺរ៉ុបក៏ដូចជាកម្មករនៅក្នុងប្រទេសផលិតកម្ម” ។
វិធានការណ៍នេះរួមមានសំណើទៅសហភាពអឺរ៉ុប ឲ្យ ពន្យារពេលការដកប្រព័ន្ធ EBA របស់កម្ពុជាដោយសារកាលៈទេសៈពិសេស និងប៉ះពាល់ដល់ឧស្សាហកម្មពិភពលោកយ៉ាងខ្លាំងរួចទៅហើយ។
គណៈកម្មការអឺរ៉ុបបានសម្រេចដកផ្នែកខ្លះនៃមុខទំនិញនាំចូលពីប្រទេសកម្ពុជាកាលពីថ្ងៃទី ១២ ខែកុម្ភៈដោយអះអាងថា“ រំលោភសិទ្ធិមនុស្ស” ជាប្រព័ន្ធ។ ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះនឹងជះឥទ្ធិពលដល់ផលិតផលសម្លៀកបំពាក់ និងស្បែកជើងដែលបានជ្រើសរើសក៏ដូចជាទំនិញធ្វើដំណើរ និងស្ករទាំងអស់របស់កម្ពុជាដែលមានតម្លៃប្រហែល ១ ពាន់លានអឺរ៉ូឬមួយភាគប្រាំនៃការនាំចេញប្រចាំឆ្នាំរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុប។
បើតាមគណៈកម្មការសហភាពអឺរ៉ុប ការដកប្រព័ន្ធអនុគ្រោះពន្ធនេះនឹងចូលជាធរមាននៅថ្ងៃទី ១២ ខែសីហាឆ្នាំ ២០២០ ខាងមុខនេះ លើកលែងតែសភាអឺរ៉ុប និងក្រុមប្រឹក្សារបស់សភាអឺរ៉ុប ជំទាស់ចំពោះការដកនេះ ។
លោក Sierra បាននិយាយថា ការលក់ដូរនៅក្នុងវិស័យសម្លៀកបំពាក់នៅក្នុងសហភាពអ៊ឺរ៉ុបបានធ្លាក់ចុះប្រហែល ៩០ ភាគរយដោយសារការរំខានដែលបណ្តាលមកពីជំងឺ Covid-19 ។ ស្រដៀងគ្នាដែរ និយោជិកឥឡូវនេះត្រូវបានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីនិយោជិករបស់ពួកគេបន្ថែមលើការគាំទ្រពីរដ្ឋដើម្បីជៀសវាងការបាត់បង់ការងារ។
លោកបន្ថែមថា “ការធ្លាក់ចុះយ៉ាងខ្លាំងនៃការលក់បែបនេះជះឥទ្ធិពលជៀសមិនរួចទៅលើការបញ្ជាទិញ” ។ សម្ព័ន្ធសម្លៀកបំពាក់យីហោអ៊ឺរ៉ុប (European Branded Clothing Alliance) មានមូលដ្ឋាននៅទីក្រុងព្រុចសែលស និងតំណាងឱ្យហាងលក់ទំនិញសម្លៀកបំពាក់លក់រាយជាង ៦០ ទីតាំង៕