ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ជាការសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការប្រកបការងារ និងអាជីវកម្មរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ប្រមុខរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញសេចក្តីកែសម្រួលថ្មីជាបន្ទាន់ ស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងស្រុកប្រទេស។
នៅក្នុងសេចក្ដីសម្រេចថ្មីស្ដីពីការកែសម្រួលបន្ទាន់បានបញ្ជាក់ថា យោងលើស្ថានភាពភូមិសាស្ត្រ និងតម្រូវការជាក់ស្ដែងក្នុងការបំពេញការងារ ការប្រកបមុខរបរ និងការប្រាស្រ័យទាក់ទងប្រចាំថ្ងៃដោយខកខានមិនបានរបស់មន្ត្រីរាជការ និយោជក់ កម្មករ-និយោជិត និងប្រជាពលរដ្ឋទូទៅ រាជរដ្ឋាភិបាលសម្រេចធ្វើការកែសម្រួលវិសាលភាពនៃការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសសារជាថ្មី។
ក្នុងសេចក្ដីសម្រេចកែសម្រួលថ្មីរបស់ប្រមុខរាជរដ្ឋាភិបាលបានកំណត់ថា ៖
ទី១៖ ដោយសម្រេចកំណត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ជាតំបន់តែមួយ ដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកនោះទេ។
ទី២៖ សម្រេចលុបចេញនូវការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ពីស្រុកមួយទៅស្រុកមួយទៀតនៅក្នុងខេត្តតែមួយ ដោយរក្សាទុកជាធរមាននូវការហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយទៀត។






