ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃមហាមិត្តចិនបានអះអាងថា រដ្ឋាភិបាលនៃប្រទេសចិនបានខ្លួនបានត្រៀមរួចជាស្រេច ក្នុងការបន្តជួយដល់រាជរដ្ឋាភិបាលកម្ពុជាតាមតម្រូវការ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 រហូតដល់ជំងឺមួយនេះអាចត្រូវទប់ស្កាត់បានដោយជោគជ័យទាំងស្រុង។

តាមគេហទំព័រផ្លូវការណ៍របស់ស្ថានទូតចិនប្រចាំនៅកម្ពុជា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់យ៉ាងដូច្នេះថា បច្ចុប្បន្ននេះ រដ្ឋាភិបាលចិន បានត្រៀមខ្លួនជាស្រេចដើម្បីបន្តផ្តល់ការគាំទ្រ និងជំនួយជាអតិបរិមាដល់មិត្តកម្ពុជា ប្រសិនបើមានតម្រូវការកើតឡើង ដើម្បីទាំងអស់គ្នាទទួលបានជ័យជម្នះ ក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 ក្នុងពេលឆាប់ៗនេះ។
អ្នកនាំពាក្យរូបនេះ ក៏បានបញ្ជាក់ផងដែរថា ក្រុមគ្រូពេទ្យពេទ្យជំនាញចិន ដែលទើបបញ្ចប់បេសកកម្មការងារនៅកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 និងទើបតែបានត្រឡប់ទៅកាន់ប្រទេសចិន កាលពីដើមសប្ដាហ៍កន្លងទៅនេះដុទ្ធតែត្រូវបានរៀបចំឡើងដោយគណៈកម្មការសុខភាពជាតិ (The National Health Commission) រួមមានទាំង អ្នកជំនាញដែលត្រូវបានជ្រើសរើស ដោយគណៈកម្មការសុខាភិបាល នៃតំបន់ស្វយ័តក្វាងស៉ី (The health commission of Guangxi Zhuang Autonomous Region) ក្រោមការយកចិត្តទុកដាក់ពីរដ្ឋាភិបាលចិន។
លោកបានបន្តថា នៅកម្ពុជាក្រុមអ្នកជំនាញទាំងអស់នេះបានធ្វើការប្រយុទ្ធប្រឆាំងនឹងមេរោគនេះ Covid-19 រាល់ថ្ងៃ។ ពួកគេបានធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យ សហគមន៍ អាកាសយានដ្ឋាន សណ្ឋាគារ និងសួនឧស្សាហកម្ម ហើយក៏បានផ្តល់យោបល់ដល់ភាគីកម្ពុជា និងចែករំលែកបទពិសោធន៍របស់ពួកគេ ក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ។ ក្រៅពីនេះអ្នកជំនាញចិន ក៏បានផ្តល់ការណែនាំ និងជំនួយផ្នែកវេជ្ជសាស្ត្រ ដល់ពលរដ្ឋចិននៅកម្ពុជាផងដែរ។
ជាមួយនឹងការយកចិត្តទុកដាក់លើការផ្តល់ជំនួយរបស់រដ្ឋាភិបាលចិនមកកាន់កម្ពុជា កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះ មន្ត្រីតំណាងប្រទេសទាំងពិរក៏បានពិភាក្សា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជា ជាគំនិតផ្តួចផ្តើមជាក់ស្ដែងដ៏ចម្បងនៃកុងសុងស៊ីរបស់ថ្នាក់ដឹកនាំទាំងពីរប្រទេស វាមានសារសំខាន់ណាស់ក្នុងការបង្កើតទំនាក់ទំនងពាណិជ្ជកម្មទាំងពីរប្រទេសឲ្យកាន់តែស៊ីជម្រៅ អភិវឌ្ឍន៍ទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងជួយជំរុញកិច្ចកសាងសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា៕







