ដោយវុត្ថា
បាត់ដំបង៖ ក្រសួងសហព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ប្រទេសអាល្លឹម៉ង់ (BMZ) តាមរយៈអង្គការមនុស្សចាស់អាល្លឺម៉ង់ (HAD) គ្រោងផ្តល់ជំនួយប្រមាណ ៥២៩,១៩១.០០ អ៊ឺរ៉ូគ ក្នុងការអនុវត្ត ម្រោងអភិវឌ្ឍន៍ការរៀបចំសហគមន៍ចំនួន៥០ភូមិ ដែលរួមបញ្ចូលមនុស្សវ័យចំណាស់ និងមានភាពបន្សុំាទៅនឹងគ្រោះមហន្តរាយនៅកម្ពុជា។

យោងតាមកិច្ចប្រជុំពិភាក្សារវាង លោក អ៊ុយ សុធាវី អភិបាលរង ខេត្តបាត់ដំបង និង តំណាងអង្គការមនុស្សចាស់អាល្លឺម៉ង់ (HAD) កាលពីថ្ងៃទី ១០ខែ មេសា ឆ្នាំ ២០២០ ម្សិលមិញនេះ បានជ្រើសរើស ភូមិគោលដៅចំនួន៥០ភូមិ នៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប ដោយក្នុងនោះមានស្រុកគោលដៅក្នុងខេត្តបាត់ដំបងចំនួន៦ គឺស្រុក គាស់ក្រឡ ស្រុករុក្ខគីរី ស្រុកសង្កែ មោងឫស្សី ឯកភ្នំ បាណន់ សំពៅលូន។
លោក អ៊ុយ សុធាវី អភិបាលរង ខេត្តបាត់ដំបង បានឱ្យដឹងថា គោលបំណងនៃគម្រោងខាងលើនេះ គឺដើម្បីបង្កើតសមាគម និងការពង្រឹងសមត្ថភាពបន្សុំានឹងគ្រោះមហន្តរាយ គាំទ្រផ្នែកជីវភាព និងគាំទ្រធនធានដែលចាំបាច់សម្រាប់រកប្រាក់ចំណូល ពង្រឹងសមត្ថភាពសហគមន៍ និងគាំទ្រផ្នែកផ្គត់ផ្គងទឹក ព្រមទាំងទទួលបាននូវ សិទ្ធិ និងការទទួលបាន។
លោក អ៊ុយ សុធាវី បានជំរុញដល់អង្គការមនុស្សចាស់ ក្នុងការធ្វើគម្រោងនេះឲ្យបានជោគជ័យនៅខាងពេលមុខដ៏ខ្លីនេះ និងជំរុញឲ្យកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា រវាងរដ្ឋបាលខេត្តបាត់ដំបង និងអង្គការមនុស្សចាស់ ដើម្បីឲ្យគម្រោងនេះដំណើរការឲ្យកាន់តែរលូន និងបន្តធ្វើការពិភាក្សា ទៀតពាក់ព័ន្ធនឹងគម្រោងខាងលើនេះ ដ៏ដូចជាសិក្សាពីសំណូមពររបស់អង្គការមនុស្សចាស់ ៕







