ដោយ វុត្ថា
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយនឹងថ្នាក់ដឹកនាំរបស់អាស៊ាន និងប្រទេសបូកបីផ្សេងទៀត បានឯកភាពចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសស្តីពី Covid-19 តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ។
យោងតាមសេចក្តីកប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២០កន្លងមកបានឱ្យដឹងថា កិច្ចប្រជុំនេះ ត្រូវធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីវៀតណាម និងជាប្រធានអាស៊ាន ឆ្នាំ២០២០ ។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសស្តីពី Covid-19 សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថាដ៏មានអត្ថន័ចំនួន២ស្តីពីផលប៉ះពាល់នៃកូវីដ-១៩ ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងកំណើនសេដ្ឋកិច្ចពិភពលោក ព្រមទាំងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃ Covid-19 ទៅលើសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចការសង្គមជារួម ដែលទាមទារកិច្ចប្រឹងប្រែងរួមគ្នា ជាលក្ខណៈអន្តរជាតិ ប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនៃ Covid-19 នេះ។
កិច្ចប្រជុំកំពូលពិសេសទាំងពីរនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់បន្ថែមទៀត ដែលឆ្លុះបញ្ចាំងអំពីការរួបរួមរបស់អាស៊ាន តាមរយៈសកម្មភាពរួម នៃការជួយគ្នាទៅវិញទៅមក ការលើកកម្ពស់ការឆ្លើយតប ដោយធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពនៅក្នុងការគ្រប់គ្រងជំងឺ និងការពង្រឹងភាពរឹងមាំរបស់តំបន់ ស្របពេលជាមួយការត្រៀមលក្ខណៈរួចជាស្រេច ក្នុងការរិះរកកិច្ចសហប្រតិបត្តិការ ជាមួយដៃគូខាងក្រៅរបស់អាស៊ាន និងសហគមន៍អន្តរជាតិ ក្នុងការលើកកម្ពស់ការត្រៀមខ្លួនជាស្រេច និងវិធានការឆ្លើយតប ដើម្បីកាត់បន្ថយ និងលុបបំបាត់ផលប៉ះពាល់ដោយសារ Covid-19 ៕






