កម្ពុជាដាក់ឱ្យដំណើរការស្ថានីយ៍ផលិតថាមពលអគ្គិសនីកម្លាំង ២០០ មេហ្គាវ៉ាត់ ដើរដោយថាមពលព្រះអាទិត្យ

0

ដោយ ៖ រ៉ាណេត

កំពង់ឆ្នាំង ៖ អគ្គិសនីកម្ពុជា ទើបបានដាក់ឲ្យដំណើរការ ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព៦០មេហ្កាវ៉ាត់ ដែលជាថាមពលស្អាតក្នុងន័យបង្កើនថាមពលស្អាតក្នុងបណ្តាញជាតិ ដែលសរុបអនុភាពស្ថានីយប្រភេទនេះមានជិត២០០មេហ្គាវ៉ាត់រួចទៅហើយ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយក អគ្គិសនីកម្ពុជា លោក កែវ រតនៈ បានបញ្ជាក់ថាកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅថា ស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អនុភាព៦០មេហ្កាវ៉ាត់នេះ មានទីតាំងនៅភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានតភ្ជាប់ចូលបណ្តាញជាតិរួចរាល់ហើយ ដែលគិតទាំងស្ថានីយទី៣នេះ ធ្វើឱ្យប្រភពថាមពលស្អាតរបស់កម្ពុជាកើនឡើងជិត២០០មេហ្គាវ៉ាត់។

លោក កែវ រតនៈ បានមានប្រសាសន៍ឱ្យដឹងថា សម្រាប់ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ដែលមានសមត្ថភាពរហូតដល់៦០មេហ្គាវ៉ាត់ ទី៣នៅក្នុងប្រទេសកម្ពុជា គឺជាការវិនិយោគដោយក្រុមហ៊ុន Schneitec Renewable Co., Ltd ជាក្រុមហ៊ុនក្នុងស្រុក ដែលបានទទួលសម្បទានពីរាជរដ្ឋាភិបាល និងភ្ជាប់ជាមួយបណ្ដាញជាតិដោយអគ្គិសនីកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ក្នុងគោលដៅបង្កើនប្រភពផ្គត់ផ្គង់គ្រប់គ្រាន់តាមតម្រូវការ និងដើម្បីជួយបង្កើនសមាមាត្ររបស់ថាមពលកកើតឡើងវិញទៅក្នុងបណ្ដាញជាតិ។

លោកបានបញ្ជាក់ថា “គម្រោងនេះក្រៅពីផ្តល់ថាមពលបានមកពន្លឺព្រះអាទិត្យ ជាថាមពលកកើតឡើងវិញ ហើយជាថាមពលស្អាតហើយនោះ ក៏ជាគម្រោងវិនិយោគឯកជន ដោយក្រុមហ៊ុនក្នុងស្រុក និងមានវិស្វករ កម្មករដែលសុទ្ធសឹងតែជាខ្មែរផងដែរ។ មួយវិញទៀត ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល គឺនៅតែមានគោលដៅ ដើម្បីបង្កើនសមាមាត្រថាមពលកកើតឡើងវិញគ្រប់រូបភាព និងរាប់ទាំងថាមពលពន្លឺព្រះអាទិត្យនេះ ឱ្យកាន់តែច្រើន នៅក្នុងបណ្ដាញជាតិថែមទៀត”។

នៅពេលបច្ចុប្បន្ននេះ កម្ពុជាមានស្ថានីយផលិតថាមពល ដើរដោយពន្លឺព្រះអាទិត្យចំនួន៣ទីតាំងរួចហើយ គឺទី១ មានអនុភាព១០មេហ្គាវ៉ាត់ នៅក្រុងបាវិត ខេត្តស្វាយរៀង, ទី២៖ មានអនុភាព៨០មេហ្គាវ៉ាត់ នៅតំបន់ត្មាតពងខេត្តកំពង់ស្ពឺ ជិតនឹងរាជធានីភ្នំពេញ, និងគម្រោងទី៣ ទើបដាក់ឲ្យដំណើរការមានអនុភាព៦០មេហ្គាវ៉ាត់ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here