អាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលកែលម្អកំណាត់ផ្លូវ៦០ម៉ែត្រ

0

ដោយវុត្ថា

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២០ អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលកែលម្អែទាំងស្រុងនូវកំណាត់កំណាត់ផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចរង្វង់មូលអប្សរាមកផ្លូវជាតិលេខ៦ មានប្រវែង១៧៩៥ ម៉ែត្រ និងទទឹង ១០ ម៉ែត្រ ក្រាលបេតុងកៅស៊ូប្រភេទ AC។

អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២០ នេះថា កំណាត់ផ្លូវនេះគឺជាផ្នែកមួយនៃការភ្ជាប់រមណីយដ្ឋានអង្គរមកក្រុងសៀមរាបតាមផ្លូវជាតិលេខ៦ និងមានតួនាទីសំខាន់ក្នុងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ។

អាជ្ញាធរជាតិអប្សរា បន្តថា ផ្លូវនេះបានចាប់ផ្តើមដំណើការ កាលពីថ្ងៃទី ២៤ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះ សម្រេចការជួសជុលកែលម្អទាំងស្រុងរួចរាល់ហើយ និងនេះ ជាសមិទ្ធផលមួយ ក្នុងចំណោមសមិទ្ធផលជាច្រើនផ្សេងទៀត ដែលអាជ្ញាធរជាតិអប្សរាកំពុងមមាញឹកក្នុងការជួសជុលកែលម្អហេដ្ឋារចនាសម្ពន្ធទាំងក្នុងនិងក្រៅតំបន់ការពារនៃរមណីយដ្ឋានអង្គរ។

ជាមួយគ្នានេះ ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានជាតិអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរាកំពុងបន្តរៀបចំ និងជួសជុល ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធផ្លូវថ្នល់ សួនច្បារ ប្រព័ន្ធទុយោបាញ់ទឹក កម្រាលឈើតាមផ្លូវដើរ និងការជួសជុលប្រាង្គប្រាសាទនានាក្នុងបរិវេណតំបន់អង្គរ ដើម្បីធ្វើឱ្យទីរមណីយដ្ឋានដ៏ល្បីល្បាញមួយនេះរឹតតែមានភាពទាក់ទាញដល់ភ្ញៀវទេសចរបន្ថែមទៀត។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាកំពុងតែបន្តធ្វើក្នុងពេលបច្ចុប្បន្ន ក្នុងនោះមានការងារលើកកម្ពស់សោភណភាពប្រាង្គប្រាសាទ និងបរិវេណជុំវិញប្រាសាទការងារផ្នែកបរិស្ថាន ដើម្បីធ្វើយ៉ាងណាឱ្យរមណីយដ្ឋានតាមប្រាង្គប្រាសាទមានភាពបៃតង ការរៀបចំជួសជុលហេដ្ឋារចនាសម្ព័ន្ធទូទៅក្នុងបរិវេណប្រាសាទអង្គរជាដើម។

លោកថា “ក្នុងអំឡុងពេលនេះយើងកំពុងសម្រុកធ្វើកិច្ចការងារជាច្រើននៅតំបន់អង្គរនេះ។ យើងក៏កំពុងរៀបចំកែលម្អប្រព័ន្ធរំដោះទឹកនៅមុខប្រាសាទអង្គរ ដាំកូនឈើ ដាំស្មៅ និងរៀបចំប្រព័ន្ធស្រោចស្រពទឹកនៅក្នុងប្រាសាទ ដើម្បីឱ្យមានភាពបៃតងទាំងខែប្រាំង និងខែវស្សា ជាដើម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here