សម្តេចតេជោគាំទ្រឱ្យមានការបង្កើតមូលនិធិប្រយុទ្ធប្រឆាំង Covid-19 ក្នុងកម្រិតអាស៊ាន

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញពីការវាយតម្លៃខ្ពស់ និងឯកភាពក្នុងការបង្កើតមូលនិធិអាស៊ានសម្រាប់ឆ្លើយតបទៅនឹងជំងឺ Covid-19 ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នានា រួមមានក្នុងផ្នែកបរិក្ខារ និងផ្នែកសុខាភិបាលជាដើម។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្ដីពីជំងឺ Covid-19 កាលពីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការប្រយុទ្ធនឹងជំងឺ Covid-19 នេះ គឺមិនអាចដោះស្រាយត្រឹមកម្រិតប្រទេសនីមួយៗបានឡើយ ព្រោះភាពជោគជ័យនៃការប្រយុទ្ធនឹងជំងឺនេះទាមទារឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ និទូលំទូលាយ។ និយាយរួម អាស៊ានត្រូវតែរួមដៃគ្នា និងប្រែក្លាយការប្រយុទ្ធនឹងជំងឺ Covid-19 ទៅជាសមរភូមិរួម។

សម្ដេចតេជោបានបញ្ជាក់ថា “ដោយសារតែ Covid-19 ជាជំងឺថ្មី និងមានចំណុចជាច្រើនពាក់ព័ន្ធទៅនឹងជំងឺនេះដែលយើងនៅមិនទាន់បានយល់ដឹង ដូច្នេះអាស៊ានត្រូវការចាំបាច់នូវការលើកកម្ពស់ការចែករំលែកឱ្យបានទាន់ពេលវេលានូវឧត្តមានុវត្តន៍, ព័ត៌មាន, ទិន្នន័យ ព្រមទាំងបច្ចេកទេស បទពិសោធន៍ និងចំណេះដឹងពាក់ព័ន្ធទៅនឹងវេជ្ជសាស្ត្រអំពីជំងឺនេះក្នុងការការពារ ទប់ស្កាត់ វិនិច្ឆ័យ ព្យាបាល និងតាមដាន”។

សម្ដេចមានប្រសាសន៍បានបន្តទៀតថា “ការបន្តពង្រឹងយន្តការកិច្ចសហប្រតិតបត្តិការអាស៊ានដែលមានស្រាប់ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ និងដៃគូសន្ទនានានា ក្នុងវិស័យសុខភាពសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលកើតចេញពីជំងឺ Covid-19 ប្រកបដោយប្រសិទ្ធភាព និងភាពគ្រប់ជ្រុងជ្រោយ ជាពិសេស ការផ្តល់នូវការគាំទ្រឱ្យគ្នាទៅវិញទៅមករវាងសមាជិកអាស៊ាន ដូចជាការចែករំលែកនូវធនធាន បច្ចេកទេស និងសម្ភារៈ បរិក្ខាវេជ្ជសាស្ត្រ។ល។ ក្នុងស្មារតីនេះ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការឯកភាពគ្នាបង្កើត មូលនិធិអាស៊ានសម្រាប់ឆ្លើយតបទៅនឹងជំងឺ Covid-19 ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នានា រួមមានក្នុងផ្នែកបរិក្ខារ និងផ្នែកសុខាភិបាល ជាដើម” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here