ក្រុមហ៊ុន Huawei សន្យាពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត

0

ដោយវុត្ថា

ភ្នំពេញ៖ លោក Yuya Yao នាយកប្រតិបត្តិក្រុមហ៊ុន Huawei ប្រចាំនៅក្នុងប្រទេសកម្ពុជាបានឱ្យដឹងថា ក្រុមហ៊ុន Huawei នឹងបន្តវិនិយោគបន្ថែម មិនត្រឹមតែក្នុងវិស័យទូរគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកសកម្មភាពធុរកិច្ចផ្សេងទៀត ក្នុងវិស័យឌីជីថលផងដែរ។

លោក Yuya Yao នៅក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា ក្រុមហ៊ុន Huawei បាន វិនិយោគលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ចាប់តាំងពីឆ្នាំ ១៩៩៩ មក ដែលបានផ្តល់ការងារដល់ប្រជាជនកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

លោកនាយកប្រតិបត្តិក្រុមហ៊ុន Huawei រូបនេះ ក៏បានសន្យាសហការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមមន្ត្រីជំនាញក្រោមឱវាទក្រសួងលើគម្រោងនានា ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍សំខាន់ៗរបស់កម្ពុជា។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឱ្យដឹងថា ក្រសួងបានបង្កើតបរិស្ថានសម្រាប់ការរីកលូតលាស់វិស័យឌីជីថល និងស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពផ្តល់ការគំាទ្រតាមរយៈជំនាញ និងបទពិសោធន៍របស់ខ្លួនលើកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ដើម្បីបណ្តុះបណ្តាលកសាងសមត្ថភាពមន្រ្តីរាជការក្រសួង និងនិស្សិត ព្រមទាំងការប្រើប្រាស់អ៊ីនធឺណិត និងបច្ចេកវិទ្យាបានទូលំទូលាយក្នុងចំណោមប្រជាពលរដ្ឋទូទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here