ដោយ ហ្សូលី
តាកែវ៖ គម្រោងបង្កើតរោងចក្រផលិតថង់យួរមួយគ្រប់ប្រភេទនៅក្នុងខេត្តតាកែវ ដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានៅរសៀលនេះ អាចផ្តល់ឱកាសការងារបន្ថែមដល់ប្រជាពលរដ្ឋប្រមាណជា ១០០០ កន្លែង។

គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) បានអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីដល់ក្រុមហ៊ុនវិនិយោគមួយដែលត្រៀមខ្លួនបង្កើតរោងចក្រផលិតថង់យួរគ្រប់ប្រភេទ នៅរសៀលថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០នេះ។ គម្រោងរោងចក្រនេះបោះទុនវិនិយោគប្រមាណជា ៤.១លានដុល្លារ និងជារោងចក្រដែលមានសមត្ថភាពផលិតថង់យួរគ្រប់ប្រភេទ ដែលជាថង់ការពារបរិស្ថាន។
ក្រុមហ៊ុននេះមានឈ្មោះថា Multiwin Textile (Cambodia) Co.,LTD. ដែលត្រៀមមានវត្តមាននៅក្នុងភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ និងអាចផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងតំបន់បានចំនួន ១០០០ កន្លែងបន្ថែមទៀត។
នេះគឺជាគម្រោងរោងចក្រថ្មីមួយទៀត បន្ទាប់ពីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាទើបតែអនុម័តការចុះបញ្ជីរោងចក្រកាត់ដេរសម្លៀកបំពាក់តម្លៃជិត ៦លានដុល្លារ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងខេត្តតាកែវដូចគ្នា កាលពីថ្ងៃពុធ ទី ១៥ ខែមេសា ម្សិលមិញនេះ។

ចាប់តាំងពីដើមខែមេសា ឆ្នាំ ២០២០នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តការចុះបញ្ជីគម្រោងវិនិយោគចំនួន ១៥ហើយ ដែលមានទឹកប្រាក់សរុបដល់ទៅ ២២៥.៥លានដុល្លារ និងអាចផ្តល់ការងារដល់ប្រជាជនខ្មែរបានចំនូួន ៧,៦២០ កន្លែង។
គម្រោងបង្កើតរោងចក្រទាំងនេះគ្របដណ្តប់ទៅលើវិស័យ សម្លៀកបំពាក់ ផលិតនិងដំឡើងបន្ទះសូឡា ផលិតសម្លៀកបំពាក់ ផ្លាស្ទិច ដែក ផលិតផលកសិផល រួមទាំងហេដ្ឋារចនាសម្ព័ន្ធនានាមួយចំនួនទៀត៕






