ដោយវុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្តដឹងថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានទទួលជំនួយពីសប្បុរសជនជាថវិកាចំនួន ជាង ១៣ លានដុល្លារអាមេរិកសម្រាប់ប្រយុទ្ធជាមួយជម្ងឺ Covid-19 នៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសបុកផ្លូវការនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២០ នេះថា គិតត្រឹមព្រឹកថ្ងៃ១៧មេសា២០២០នេះ សប្បុរសជនដែលបានចូលរួមជាថវិកាសម្រាប់ប្រយុទ្ធជាមួយជម្ងឺកូវីត១៩មានចំនួនទឹកប្រាក់ចំនួន ១៣.៥៩៧.២៩៥ ដុល្លារ ដោយមិនទាន់គិតពីជំនួយជាសំភារះបរិក្ខា ដូចជាម៉ាស់ អាកុល សាប៊ូសំភារះពេទ្យ ដែលមានតម្លៃរាប់លានដុល្លារថែមទៀត។
សម្តេចតេជោបន្តថា “ដោយឡែកការរួមវិភាគទានតាមរយះការបរិច្ចាគបៀវត្សទាំងស្រុងឬមួផ្នែកនៃមន្ត្រីពីគ្រប់ស្ថាបន័ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិនិងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទគិតត្រឹមព្រឹកថ្ងៃ១៦មេសា២០២០នេះមានចំនួន១៤.៧៥១នាក់ និងនៅសល់មួយចំនួនទៀតដែលកំពុងផ្ទៀងផ្ទាត់នៅក្រសួងមុខងារសារធារណះ”។
សម្តេចតេជោបន្ថែមថា “នេះជាចលនាជាតិដ៏ខ្លាំងក្លាមួយរបស់ប្រជាជនកម្ពុជាយើងក្នុងការប្រយុទ្ធជាមួយជម្ងឺដ៏កាចសាហាវនេះដែលទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំសូមថ្លែងអំណរព្រះគុណថ្វាយព្រះមហាក្សត្រ ថ្វាយសម្តេចម៉ែ ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ ជូនជនរួមជាតិមន្ត្រីរាជការគ្រប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានចូលរួមក្នុងចលនាជាតិដ៏ធំមួយនេះ”៕