ដោយ គង់ សូរិយា
ភ្នំពេញ៖ ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងអាចចាប់ផ្តើមនៅពេលឆាប់ៗ ខាងមុខនេះ ដោយសារបច្ចុប្បន្នក្រុមហ៊ុនចិន ដែលជាអ្នកសិក្សាគំរោងនេះបានចាប់ផ្តើមធ្វើការងាររបស់ខ្លួនយ៉ាងសកម្មហើយ។
លោក សាយ ឡុង ប្រជាពលរដ្ឋរស់នៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាលបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៩ មិនានេះថាក្រុមវិស្វករចិន កំពុងចាប់ផ្តើមបោះបង្គោលពីតំរ៉ុយ សាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅក្នុងមូលដ្ឋានខាងលើរួចហើយ ដែលធ្វើឲ្យតម្លៃដីនៅតំបន់នោះបានឡើងថ្លៃទ្វេរដង តែកន្លែងខ្លះឡើងថ្លៃមួយគុណនឹងបី។លោកបន្តថា ប្រជាពលរដ្ឋរីករាយ នឹងដំណឹងពីការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ដោយសារពួកគេមានអារម្មណ៍ថាកាន់តែកៀកជិតរាជធានីភ្នំពេញ។
-->

លោកបន្តថា “តាមខ្ញុំដឹងនឹងមានការសាងសង់ស្ពានមួយ កាត់កោះកន្លង់ចិន ឆ្ពោះមកកាន់ឃុំឈើទាល ប៉ុន្តែខ្ញុំមិនដឹងផ្លូវនេះបញ្ចប់នៅកន្លែងណាទេ”។
យោងតាមពង្រាងគំរោងសាងសង់ផ្លូវនេះ ដែលបានបង្ហាញកាលពីសប្តាហ៍មុន ដោយអភិបាលរងខេត្តកណ្តាលលោកគង់ សោភ័ណ្ឌបានឲ្យដឹងថា គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុង ខ្សែទី៣ (ភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅផ្លូវជាតិ២១) លាតសន្ធឹងលើឃុំ-សង្កាត់ចំនួន១៧ នៃស្រុកចំនួន៣ ក្នុងខេត្តកណ្តាល និងខ័ណ្ឌចំនួន២របស់រាជធានីភ្នំពេញ។ គម្រោងនេះ ចាប់ផ្តើមពី PK១៦+៨០០ ផ្លូវកប់ស្រូវ សង្កាត់ចោមចៅ ខ័ណ្ឌពោសែនជ័យ រាជធានីភ្នំពេញ និងបញ្ជប់គឺចំនុចប្រសព្វPK៦៤+៤០៨ និងផ្លូវជាតិលេខ១ នៅភូមិកណ្តាលលើឃុំបន្ទាយដែក ដីឥដ្ឋ កំពង់ស្វាយ និងឃុំឈើទាល ស្រុកកៀនស្វាយ។
គំរោងនេះក៏ឆ្លងកាត់ស្រុកស្អាងងដែរ រួមមានមាន ឃុំកោះអន្លង់ចិន សិត្បូ រកាខ្ពស់ ស្រុកកណ្តាលស្ទឹងមានឃុំកណ្តោក ជើងកើប និងឃុំព្រះពុទ្ធ។

នៅរាជធានីគម្រោងនេះ ផ្លូវឆ្លងកាត់ខ័ណ្ឌដង្កោ រួមមាន សង្កាត់គងនយ សាក់សំពៅ ពងទឹក ប្រទះឡាង។ ខ័ណ្ឌពោសែនជ័យ មានសង្កាត់ភ្លើងឆេះរទះ កន្ទោក និងចោមចៅ។
គំរោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ក៏មានការសាងសង់ស្ពានអាកាសកាត់ផ្លូវជាតិលេខ៤ លេខ៣ និងលេខ២១ និងសាងសង់ស្ពានឆ្លងទន្លេបាសាក់ចំនួន១០ នៅស្រុកស្អាង និងស្រុកកៀនស្វាយ ដែលមានទទឹង២៥ម៉ែត្រ និងក្រាលកៅស៊ូអ៊ុត (ASphaltconcrete) និងមានលូ១០១កន្លែង ដែលមានលូ២ប្រភេទគឺប្រភេទលូមូលចំនួន២៨កន្លែង មុខកាត់ជាមធ្យម១,៦០m ប្រភេទលូជ្រុងចំនួន៧៣កន្លែងមុខកាត់ជាមធ្យម៣ម៉ែត្រផងដែរ។

លោកគង់ សោភ័ណ្ឌបានមានប្រសាសន៍ឲ្យដឹងទៀតថា គម្រោងនេះមានផ្លូវប្រវែង៤៧.៦០៨គឺឡូម៉ែត្រ ដែលវាជាគម្រោងមួយ ក្នុងចំណោមគម្រោងអាទិភាពជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបន្តថា តាមរយៈការសិក្សាពីសមិទ្ធិផលលទ្ធផល បានបង្ហាញឲ្យដឹងថា បើគម្រោងនេះត្រូវបានសាងសង់ នឹងធ្វើឲ្យប្រសើរឡើងបណ្តាញផ្លូវជាតិនៅកម្ពុជា ពង្រឹង និងពន្លឿនការអភិវឌ្ឍន៏ក្រុង និងចូលរួមសំរេចផែនការរួមរបស់រាជធានីភ្នំពេញ ក្នុងការកែលំអរបណ្តាញផ្លូវក្រវ៉ាត់ក្រុង កាត់បន្ថយការកកស្ទះចររាចរណ៏នៅតំបន់ទីប្រជុំជន និងចូលរួមក្នុងការអភិវឌ្ឍន៏សេដ្ឋកិច្ចជាតិ៕










