ដោយវុត្ថា
ភ្នំពេញ៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូនគ្រោងចំណាយថវិកាជាង ៧៦ លានដុល្លារអាមេរិកស្ថាបនាផ្លូវលេខ១៤៦បេ ឬ វិថីសុវត្ថិភាពសម្ដេចសង្ឃរាជទេព វង្សដែលមានប្រវែងសរុប ៤៣,០២៥ គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ និងបន្តរហូត ដល់កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ដឹកនាំមន្ត្រីជំនាញបច្ចេកទេសផ្លូវថ្នល់ចុះពិនិត្យមើលដំណើរការចាប់ផ្តើមសាងសង់ផ្លូវលេខ១៤៦បេ (វិថីសុវត្ថិភាពសម្ដេចសង្ឃរាជ ទេព វង្ស) កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២០ម្សិលមិញនេះ ក្នុងគោលបំណង ដើម្បីពិនិត្យគុណភាពនៃការសាងសង់ សំដៅធានាឱ្យបានតាមស្តង់ដាដែលអាចទទួលយកបាន ពោលគឺធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។
លោកស៊ុន ចាន់ថុលឱ្យដឹងថា គម្រោងសាងសង់កំណាត់ផ្លូវខេត្តលេខ១៤៦បេ ឬវិថីសុវត្ថិភាពសម្ដេចសង្ឃរាជ ទេព វង្ស សាងសង់ដោយចាក់បេតុងកៅស៊ូAC កម្រាស់៩សង់ទី ម៉ែត្រ ប្រវែង២០,៦៧៨គីឡូម៉ែត្រ និងចាក់បេតុង សរសៃដែកកម្រាស់២៦សង់ទីម៉ែត្រប្រវែង ២២,៣៤៧ គីឡូម៉ែត្រ។
លោកបន្ថែមទៀតថា កំណាត់ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនចិន China Road & Bridge Corporation Co.Ltd (CRBC) ត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានផ្លូវថ្នល់ នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណ: និងនាយកដ្ឋានបច្ចេកទេសសាធារណការ និងដឹកជញ្ជូន នៃអគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន ហើយប្រើប្រាស់រយ:ពេលសាងសង់ចំនួន២៨ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់នាថ្ងៃទី១៧ ខែមេសា ឆ្នំា២០២០ គ្រោងចំណាយថវិកាចំនួន ៧៦.៨៨៨.០០០ ដុល្លារសហរដ្ឋអាមេរិក ក្នុងកញ្ចប់ថវិកា១០០លានដុល្លារអាមេរិក ដែលជាថវិកាសន្សំរបស់ជាតិ។
លោក ទេសរដ្ឋមន្ត្រីបញ្ជាក់ថា កំណាត់ផ្លូវនេះគឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើ ឱ្យការដឹកជញ្ជូនទំនិញនាំចេញ-ចូលតាមនាវា កសិផល និងជលផលរបស់បងប្អូនប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ ក៏ដូចជាបងប្អូនរស់នៅតំបន់ទំនប់រលកចាស់ នៃក្រុងព្រះសីហនុ ទៅកាន់ទីផ្សារកាន់តែមានលក្ខណៈងាយស្រួល ឆាប់រហ័ស និងចំណាយតិច និងបានចូលរួមចំណែកយ៉ាងច្រើនដល់ការកាត់ បន្ថយការកកស្ទះចរាចរណ៍តាមផ្លូវជាតិលេខ៤ ចំពោះរថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់
ដូចជាកុងទីន័រ ជាដើម។
ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី បានចុះពិនិត្យវឌ្ឍនភាពសាងសង់ និងពង្រីកកំណាត់ផ្លូវជាតិលេខ៤ ប្រវែង៦,៧០គីឡូម៉ែត្រ គិតចាប់ពីគីឡូម៉ែត្រលេខ២១៦+០០០ ដល់គីឡូម៉ែត្រលេខ ២២២+៧០០ ដោយពង្រីកទទឹងតួផ្លូវរហូតដល់២៩ម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០ គ្រោងចំណាយពេលសាងសង់១៨ខែ អនុវត្តការសាងសង់ដោយកងវិស្វកម្ម តេជោ ហ៊ុន សែន សៀមរាប និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយនាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ហើយគិតត្រឹមចុងសប្ដាហ៍ទី២នៃខែមេសា ឆ្នាំ២០២០ គម្រោងនេះសម្រេចបាន៤,៨១% ហើយ៕