ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានជំនួយលើគម្រោងអភិវឌ្ឍន៍ចំនួន២ ដែលមានទំហំទឹកប្រាក់សរុបជាង១លានដុល្លារ សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (A.I.M.F) បន្ទាប់ពីបញ្ចបកិច្ចប្រជុំលើកទី៩១ នៅប្រទេសបារាំង។

អភិបាលរងរាជធានីភ្នំពេញ លោក នួន ផារ័ត្ន បានមានប្រសាសន៍ថា សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (A.I.M.F.) ដែលមានការិយាល័យអចិន្ត្រៃយ៍នៅប្រទេសបារាំង កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ បានបើកិច្ចប្រជុំគណៈអភិបាលរាជធានីដែលប្រើប្រាស់ភាសាបារាំងលើកទី៩១ តាមបណ្តាញ Online ក្រោមអធិបតីភាពលោកស្រី Anne Hildago, ប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF និងជាអភិបាលក្រុងប៉ារីស ប្រទេសបារាំង។
កិច្ចប្រជុំ Online នេះត្រូវបានកំណត់ចាប់ផ្តើមដំណើរការ នៅម៉ោង ១២ ថ្ងៃត្រង់ ម៉ោងនៅទីក្រុងប៉ារីស (ត្រូវនឹងម៉ោង ១៧ និង០០ រសៀលម៉ោងនៅរាជធានីភ្នំពេញ) ដោយ មានរបៀបវារៈសំខាន់ៗ ចំនួន ៦ ដោយក្នុងនោះ ជាលទ្ធផល ការិយាល័យអចិន្ត្រៃយ៍បានអនុម័តគ្រប់របៀបវារៈ ដែលក្នុងនោះបានអនុម័តផ្តល់ជូនរាជធានីភ្នំពេញ នូវគម្រោងជំនួយឥតសំណងចំនួន ២ គម្រោង ដែលមានទំហំទឹកប្រាក់សរុបជាង ១លានដុល្លារ។
លោក នួន ផារ័ត្ន បានបញ្ជាក់ឱ្យដឹងថា គម្រោចំនួន២ដែលជាជំនួញទទួលបានពី AIMF រួមមានទី១- អនុម័តផ្តល់ជូនថវិកាជំហានទី១ ចំនួន ១៥០,០០០ អឺរ៉ូ (ស្មើនឹង ១៦២,៥៧៦ ដុល្លាសហរដ្ឋអាមេរិក) នៃជំនួយបដិភាគរបស់សមាគមផ្ទាល់ ដែលមានទឹកប្រាក់សរុបចំនួន ៤00,000 អឺរ៉ូ (ស្មើនឹង ៤៣៣,១២៨ ដុល្លាសហរដ្ឋអាមេរិក ) បន្ថែមលើទឹកប្រាក់ជំនួយបដិភាគ ដែលផ្តល់ជូនដោយសហជីពអន្តរតំបន់ ដើម្បីគ្រប់គ្រងអនាម័យសាធារណៈ ក្នុងតំបន់ទីក្រុងប៉ារីស (Syndicat interdépartemental pour l’assainissement de l’agglomération parisienne “SIAPP”) និងទឹកប្រាក់ជំនួយតាមការគ្រោងទុកដោយទីភ្នាក់ងារគ្រប់គ្រងទឹកនៅតំបន់សែនន័រម៉ង់ឌី (Seine Normandie) សម្រាប់ជួយសាងសង់មជ្ឈមណ្ឌលប្រព្រឹត្តកម្មសំណល់ភក់បង្គន់នៅរាជធានីភ្នំពេញ ដែលមានតម្លៃវិនិយោគសរុបចំនួន ១,៧០០,០០០ អឺរ៉ូ (ស្មើនឹងជាង១ ៩០០ ០០០ ដុល្លារសហរដ្ឋអាមេរិក)។
ទី-២ អនុម័តលើគម្រោងជំនួយបច្ចេកទេស និងសម្ភារៈដែលមានតម្លៃសរុប ៧០,០០០ អឺរ៉ូ ជាមូលនិធិសហប្រតិបត្តិការរបស់សមាគម A.I.M.F បន្ថែមលើថវិកាប្រមាណ ១០០,០០០ អឺរ៉ូ ពីមូលនិធិមីលិនដា និង ហ្គេត សម្រាប់ចូលរួមលើកកម្ពស់សមត្ថភាពប្រយុទ្ធប្រឆាំងនិងដោះស្រាយវិបត្តិកូវីដ ១៩ នៅរាជធានីភ្នំពេញ៕







