ដោយ ហ្សូលី
តូក្យូៈ ក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្នុងប្រទេសជប៉ុនរំពឹងថា អត្រាការលក់អាចនឹងខាតបង់ជិត១៧ពាន់លានដុល្លារ ដោយសារជំងឺរាតត្បាត ដែលបាននិងកំពុងបង្កឱ្យមានការរំខានដល់សង្វាក់ផ្គត់ផ្គង់ ការហាមឃាត់ការធ្វើដំណើរ និងសំណើរបស់រដ្ឋាភិបាលបណ្តាលឲ្យបិទប្រតិបត្តិការមួយចំនួន។

ក្នុងរបាយការណ៍ក្រុមហ៊ុនតូក្យូបានបង្ហាញថា ក្នុងចំណោមក្រុមហ៊ុនចុះបញ្ជីចំនួន ៣.៧៧៨ របស់ប្រទេសជប៉ុន៣៦.៧ភាគរយ បានបង្ហាញព័ត៌មានអំពីផលប៉ះពាល់នៃការផ្ទុះឡើង ដែលមានលើប្រតិបត្តិការរបស់ពួកគេ គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
ក្នុងចំណោមក្រុមហ៊ុន ដែលបានបង្ហាញព័ត៌មានក្រុមហ៊ុនចំនួន២៤០ បានធ្វើការកែសម្រួលការលក់របស់ខ្លួន ដោយការបូកបញ្ចូលទឹកប្រាក់ចំនួន១,៨ពាន់ពាន់ លានយ៉េន (១៦,៧១ ពាន់លានដុល្លារ) និងការព្យាករណ៍ប្រាក់ចំណេញសុទ្ធ១,៤៨ ទ្រីលានយ៉េន។
របាយការណ៍បាននិយាយថា ជិត៤០% ជាអ្នកផលិតរងការប៉ះទង្គិច ពីខ្សែសង្វាក់ផ្គត់ផ្គង់និងការលក់ធ្លាក់ចុះ ខណៈពេលប្រហែល៣៥% មកពីផ្នែកសេវាកម្មនិងផ្នែកលក់រាយទទួលរងពីការប្រើប្រាស់។
របាយការណ៍នេះបន្តថា“ ការរីករាលដាលនៃមេរោគឆ្លងនេះ កំពុងជះឥទ្ធិពលយ៉ាងខ្លាំង មិនត្រឹមតែទៅលើជីវភាពរស់នៅរបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើក្រុមហ៊ុនផងដែរ”។

ក្នុងនោះមានក្រុមហ៊ុនផលិតម៉ាស៊ីនធំរបស់ជប៉ុន Universal Entertainment Corp ត្រូវបានបង្ខំឱ្យផ្អាកប្រតិបត្តិការកាស៊ីណូរបស់ខ្លួន នៅក្នុងប្រទេសហ្វីលីពីនដោយសារជំងឺរាតត្បាត។
ក្រុមហ៊ុន៥១០ផ្សេងទៀតបាននិយាយថា ពួកគេមិនអាចធ្វើការប៉ាន់ស្មានបានទេថា តើជំងឺរាតត្បាតអាចប៉ះពាល់ដល់ប្រាក់ចំណូលរបស់ពួកគេប៉ុន្មាន។ ចំនួនក្រុមហ៊ុនកាន់តែច្រើនបានពន្យាពេល ប្រកាសប្រាក់ចំណូលរបស់ពួកគេ ដោយសារការរីករាលដាលនៃជំងឺរាតត្បាត។
ជាមួយនឹងការឆ្លងជាង៩.០០០នាក់ និងជិត២០០នាក់បានស្លាប់នៅទូទាំងប្រទេសដោយសារជំងឺCovid-19 លោកនាយករដ្ឋមន្រ្តីស៊ីនហ្សូ អាបេ កាលពីថ្ងៃព្រហ ស្បតិ៍បានពង្រីកស្ថានភាពអាសន្នមួយ ដើម្បីដាក់បញ្ចូលប្រទេសទាំងមូល ដោយជំរុញឱ្យប្រជាជនស្នាក់នៅផ្ទះនិងអាជីវកម្មបិទទ្វារ៕






