ថវិកាជំនួយក្នុងស្រុកជិត២០លានដុល្លារ កំពុងត្រូវបានប្រើប្រាស់នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺ Covid-19 នៅកម្ពុជា

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ថវិកាជំនួយក្នុងស្រុកជិត២០លានដុល្លារ ដែលមួយចំណែកជាថវិកាជាតិតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយមួយចំណែកធំបានមកពីការចូលរួមពីសំណាក់សប្បុរសជន កំពុងត្រូវបានយមកប្រើប្រាស់យ៉ាងមានតម្លាភាពស្របទៅនឹងតម្រូវការ និងវិធានការដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

រដ្ឋលេខាធិកាក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីបច្ចុប្បន្នភាពជំងឺ Covid-19 នៅទីស្ដីការក្រសួងកាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ថា គិតត្រឹមព្រឹកថ្ងៃនេះ ថវិកាជំនួយក្នុងស្រុកដែលទទួលបានមកពីបណ្តាសប្បុរជននានានៅទូទាំងប្រទេស រួមជាមួយនឹងថវិកាជាតិរបស់រដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺមានចំនួនជិតជាង១៨លានដុល្លារ ដែលក្នុងនោះ ថវិកាដែលទទួលបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចំនួន៤,៥លានដុល្លារ (នៃការប៉ាន់ស្មាន) នៃគោលកាណ៍ចំនួនសរុបដែលបានស្នើសុំចំនួន៦លានដុល្លារ និងថវិកាចំនួនជាង ១៣ លានដុល្លារ បានពីសប្បុរសជន។

លោកស្រីបានមានប្រសាសន៍បន្តទៀតថា “ថវិកាទី១ ដែលទទួលបានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានប្រើប្រាស់សម្រាប់ទិញជាសម្ភារៈបរិក្ខាផ្គត់ផ្គង់ដើម្បីបញ្ជូនទៅតាមមន្ទីរពេទ្យនានានៅទូទាំងប្រទេស ជាពិសេសមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យចាក់អង្រែរ។ ថវិកាទី២ ទទួលបានពីសប្បុរសជន ក្រោមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន មានចំនួន ១៣ លានដុល្លារ (ជាការប៉ាន់ស្មាន) ហើយបានប្រើប្រាស់ចំណាយត្រឡប់ទៅវិញប្រមាណ ៥លានដុល្លារ ដោយមិនទាន់បានបូកបញ្ចូលចំនួន១លានដុល្លារ ដែលបានផ្ទេរទៅក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ សម្រាប់ទ្រទ្រង់ដល់ការងារចាំបាច់ដែលពាកព័ន្ធនៅឡើយនោះទេ”។

លោកស្រីបានមានប្រសាសន៍បន្តទៀថា “ក្នុងចំនួនថវិកាដែលបានចំណាយ៥លានដុល្លារ យើងបានទិញម៉ាសទូទៅចំនួន១១លានស្របតាមវិធានគោលការណ៍របស់រដ្ឋាភិបាល ដែលនឹងត្រូវរក្សាទុកនៅក្នុងឃ្លាំងចំនួន២ គឺឃ្លាំងទី១របស់ក្រសួងសុខាភិបាល ស្ថិតនៅផ្លូវជាតិលេខ៣ ហើយឃ្លាំងទី២ ជាឃ្លាំងយុទ្ធសាស្ត្រ ស្ថិតនៅផ្លូវជាតិលេខ៦ ដោយបានទិញម៉ាសចូលក្នុងឃ្លាំងចំនួន១១លានម៉ាស បន្ថែមពីលើម៉ាស N95 និងសម្ភារៈ សម្លៀកបំពាក់សុវត្ថិភាពអ្នកជំនាញ និងបរិក្ខាផ្សេងៗទៀត”។

គិតត្រឹមព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ វិធានការនៃការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរាតត្បាតនៃជំងឺឆ្លង Covid-19 កម្ពុជា គឺទទួលបានលទ្ធផលល្អ ដោយក្នុងចំណោមអ្នកផ្ទុកវីរុសចំនួន១២២នាក់ចំរុះជាតិសាសន៍ ត្រូវបានព្យាបាលជាសះស្បើយចំនួន ១០៧ និងអ្នកនៅសម្រាកព្យាបាលត្រឹមចំនួន១៥នាក់តែប៉ុណ្ណោះ ខណៈដែលវិធានការការពារដែលបានដាក់ចេញដោយរដ្ឋាភិបាលកម្ពុជា នៅតែបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here