ដោយគង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា អាកាសធាតុក្តៅមិនអាចបង្អាក់ការរីករាលដាលនៃមេរោគCovid-19នោះឡើយ ដែលមានន័យថា ទោះជាអាកាសធាតុបែបនេះក្តី តែមេរោគនេះនៅវាយលុកដដែល។

ថ្លែងក្នុងសន្និសីតសារព៌តមានប្រចាំសប្តាហ៍នាព្រឹកថ្ងៃទី២០ មេសានេះ លោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ទោះជាអាកាសធាតុក្តៅ តែការវាយលុករបស់មេរោគនេះនៅតែមានដដែល ប៉ុន្តែអាកាសធាតុត្រជាក់ នឹងអំណោយផលដល់ការវាយលុករបស់ជំងឺCovid-19 កាន់តែខ្លាំង។
លោកស្រីបានឱ្យដឹងថា នៅតាមបណ្ដាប្រទេសនានាលើពិភពលោក ពិសេសប្រទេសនៅតំបន់ត្រូពិក (អាកាសធាតុក្ដៅបង្គួរ) សុទ្ធតែមិនអាចជៀសផុតពីការឆ្លងជំងឺកូវីដ១៩នោះឡើយ ដូច្នេះមេរោគនៃជំងឺនេះមិនប្រកាន់ថាអាកាសធាតុក្ដៅ ឬត្រជាក់នោះទេ។ គ្រាន់តែនៅក្នុងអាកាសធាតុត្រជាក់ ការវាយលុករបស់ជំងឺកូវីដ១៩ គឺខ្លាំងជាងនៅក្នុងអាកាសធាតុក្ដៅ។
លោកស្រីឳ វណ្ណឌីនបានបញ្ជាក់ថា “មិនមែនថា អាកាសធាតុក្ដៅ មិនមានការវាយលុកពីមេរោគកូវីដ១៩នោះទេ គឺនៅតែមានការឆ្លង និងការស្លាប់។ សូមកុំប្រហែសថា ប្រទេសកម្ពុជាក្ដៅ មិនមានការវាយលុកពីមេរោគCovid-19ឱ្យសោះ”។
ទាក់ទងនឹងកម្ពុជាគ្មានអ្នកជំងឺស្លាប់ ដោយសារCovid-19 លោកស្រីឳ វណ្ណឌីនបានបញ្ជាក់ថា មូលហេតុដែលប្រទេសកម្ពុជា មិនមានអ្នកស្លាប់ដោយសារជំងឺCovid-19 គឺដោយសាររាជរដ្ឋាភិបាលកម្ពុជា បានដាក់វិធានការបានទាន់ពេលវេលា ហើយទាំងអស់គ្នាបានចូលរួមទប់ស្កាត់ការរីករាលដាលនេះយ៉ាងសកម្ម៕







