ឆ្នាំ២០២០ រដ្ឋាភិបាល នឹងតភ្ជាប់បណ្តាញអគ្គិសនីប្រើប្រាស់តាមលំនៅដ្ឋានឱ្យបាន ៨០ភាគរយ នៅទូទាំងប្រទេស

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២០នេះ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរ៉ែ និងថាមពល បានលើកគោលដៅ និងផែនការជាក់លាក់របស់ខ្លួន ដែលធ្វើយ៉ាងណាធ្វើការតភ្ជាប់បណ្តាញ និងផ្គត់ផ្គង់ការប្រើប្រាស់ថាមពលអគ្គិសនីនៅតាមលំនៅដ្ឋាននានាទូទាំងប្រទេសឱ្យបានប្រមាណ៨០ភារយ។

អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក វិចទ័រ ហ្សូនា បានលើកឡើងនៅក្នុងអង្គសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងរ៉ែ និងថាមពល កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះថា ជាគោលដៅសម្រាប់អនុវត្តបន្តនៅក្នុងឆ្នាំ២០២០នេះ ក្រសួងរ៉ែ និងថាមពល មានគោលដៅក្នុងការតភ្ជាប់បណ្តាញ និងផ្គត់ផ្គង់ការប្រើប្រាស់ថាមពលអគ្គិសនីនៅតាមលំនៅដ្ឋាននានារបស់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាឱ្យបានប្រមាន៨០ភាគរយ ។

លោក វិចទ័រ ហ្សូនា បានមានប្រសាសន៍បញ្ជាក់ថា “យើងមានអនុភាពថាមពលសរុបចំនួន៣៣៨២មេហ្គាវ៉ាត់ ហើយកាលពីឆ្នាំ២០១៩កន្លងទៅ មានការតភ្ជាប់បណ្តាញចែកចាយនៅតាមភូមិបាន៩២,៦៨ភាគរយក្នុងចំណោម១៤១៦៨ភូមិនៅទាំងប្រទេស, បានតភ្ជាប់បណ្តាញចរន្តអគ្គិសនី និងផ្គត់ផ្គង់ដល់លំនៅដ្ឋានប្រជាពលរដ្ឋបានប្រមាណ ៧៤,៧៨ ភាគរយ”។

លោកបានបន្តទៀតថា “បច្ចុប្បន្ន មានភូមិចំនួន១៣១៣៣ ភូមិ មានអគ្គិសនីប្រើប្រាស់ ហើយនៅសល់ភូមិចំនួន១០៣៧ ដែលយើងនឹងបញ្ចប់គោលដៅនៅក្នុងឆ្នាំ២០២០នេះ ។ ប៉ុន្តែក្នុងនោះយើងឃើញថាមានឧបសគ្គដែលយើងមិនអាចសម្រេចបាន ដោយមានប្រមាណ២៤៣ភូមិ ដែលស្ថិតនៅឆ្ងាយដាច់ស្រយ៉ាល និងភូមិមួយចំនួនទៀតលិចទឹក ៦ខែគោក ៦ខែលិច និងជាភូមិបណ្ដែតទឹកជាដើម ដែលទាំងអស់នេះជាបញ្ហា និងជាឧបសគ្គក្នុងការសម្រេចបានតាមផែនការ ប៉ុន្តែយើងនៅតែព្យាយាមធ្វើយ៉ាងណាឱ្យបានជាង៩៨ភាគរយ នៃផែនការសរុប “។

បច្ចុប្បន្ន ជាការបង្កើនលទ្ធភាពក្នុងការផ្គត់ផ្គង់ការប្រើប្រាសថាមពលអគ្គិសនីនៅកម្ពុជា រាជរដ្ឋាភិបាល បានខិតខំបង្កើនសមត្ថភាពក្នុងការផលិតថាមពល និងទាក់ទាញការវិនិយោគពីក្រុមហ៊ុនឯកជនក្នុងស្រុក និងអន្តរជាតិនានាជាបន្តបន្ទាប់ ដោយក្នុងនោះក៏មានការទិញថាមពលពីប្រទេសជិតខាង ដូចជាប្រទេសឡាវ វៀតណាម និងថៃ ដើម្បីធ្វើយ៉ាងណាបំពេញទៅតាមតម្រូវការជាក់ស្ដែងនៅទូទាំងប្រទេស ដែលក្នុងនោះរួមមានថាមពលដោយវារីអគ្គិសនី និងថាមពលទាញយកពីថាមពលព្រះអាទិត្យជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here