ដោយ ប៊ី
ភ្នំពេញៈ ការទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា នៅពេលពាក់កណ្តាលឆ្នាំ ២០២០នេះ ហាក់ដូចជានឹងមិនទទួលបានដូចការរំពឹងទុកនោះទេ ដោយសាររឹតត្បិតដឹកជិញ្ជួន និងការផ្អាក់សកម្មភាពផ្សេងៗលើសកលលោក ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺCOVID-19។

អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងររ៉ែ និងថាមពល លោក ជៀប សួរ បានលើកឡើងនៅក្នុងអង្គសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងរ៉ែ និងថាមពល កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះថា ចំពោះបញ្ហានេះ វាកើតឡើងសកលទៅហើយ។ ជំងឺCOVID-19 ដែលធ្វើតម្លៃប្រេងធ្លាក់ចុះ ដោយសារតម្រូវការថយចុះ សកម្មភាពផ្សេងៗត្រូវបានអាក់ខាន ដូចជា សកម្មភាពដឹកជញ្ជួន សកម្មរោងចក្រផ្សេងៗ សកម្មភាពធ្វើដំណើរផ្សេងៗ។
លោកបន្តថា “ វាធ្វើឱ្យការផ្គត់ផ្គង់លើសតម្រូវការ ដូច្នេះតម្លៃធ្លាក់ចុះ និងការធ្លាក់ចុះថ្លៃប្រេងធ្វើឱ្យមានការបាត់បង់ទំនុកចិត្ត ក្នុងការផ្តល់ហិរញ្ញប្បទានលើការដាក់ទុនវិនិយោគក្នុងវិស័យនេះផង”។លោកបានបន្តថា “យើងត្រឡប់មកចំណុចយើងវិញ ដូចក្រុមហ៊ុន KrisEnergy មិនមែនគាត់ធ្វើតែម្នាក់ឯងនោះទេ គឺមានក្រុមហ៊ុនផ្សេងៗពាក់ព័ន្ធនឹងការផ្តល់សេវាដល់គាត់”។
លោកបន្តថា ក្រុមហ៊ុនត្រូវការធ្វើការវាយតម្លៃ ទៅលើអ្នកផ្គត់ផ្គង់អ្នកទាំងអស់ អ្នកខ្លះគាត់មានវិបត្តិហិរញ្ញវត្ថុ ដោយសារថ្លៃប្រេងធ្លាក់ចុះឬយ៉ាងម៉េច។ យើងត្រូវពិភាក្សាជាមួយក្រុមហ៊ុនបន្តទៀត។

លោកជៀប សួរបានថ្លែងបន្តថា បច្ចុប្បន្ននេះដោយសារការរឹតត្បិតនៃCOVID-19 ការធ្វើដំណើរលក្ខណៈបុគ្គលក៏ត្រូវបានហាមឃាត់ដែរ។ ចុះបើសិនជាការអនុវត្តគម្រោង ត្រូវការដឹកជញ្ជួនសម្ភារៈផ្សេងៗ ក៏ត្រូវហាមយាត់ឃាត់ដែរ ដូច្នេះការងារនេះយើងនឹងធ្វើការវាយតម្លៃជាក្រុមហ៊ុនបន្តទៀត។ នៅពេលស្ថានភាពធូរស្រាល យើងអាចនឹងវាយតម្លៃបានច្បាស់ជាងនេះ។
លោកបានឱ្យដឹងទៀតថា “ជាទូទៅហើយក្រុមហ៊ុនណាក៏មានផលប៉ះពាល់ រួមទាំងបុគ្គល និងគម្រោងប្រេងកាតផង ដូច្នេះនៅដំណាក់កាលនេះ យើងអត់ទាន់អាចវាតម្លៃថាយ៉ាងទេ”។ លោកបន្ថែមថា “ដូច្នេះសូមពេលវេលាបន្តិចទៀត នៅពេលកូវីឌធូរស្រាល យើងនឹងជួបប្រជុំជាមួយគាត់ ហើយយើងនឹងអាចវាយតម្លៃបាន”៕






