ដោយ ប៊ី
អន្តរជាតិៈ ក្រុមហ៊ុនយក្សFacebook បានប្រកាសពីការវិនិយោគលើទំហំទឹកប្រាក់ដ៏មហាសាល ដែលមានតម្លៃ៥,៧ពាន់លានដុល្លារ ក្នុងក្រុមហ៊ុនអ៊ីនធឺណេតរបស់ឥណ្ឌា Reliance Jio ដែលជាកម្មសិទ្ធិរបស់អ្នកមានជាងគេបំផុត របស់ប្រទេសនេះគឺលោក Mukesh Ambani។

កិច្ចព្រមព្រៀងនេះ ធ្វើឱ្យក្រុមហ៊ុនបណ្តាញសង្គមនេះ ក្លាយជាម្ចាស់ភាគហ៊ុនភាគធំជាងគេបំផុត នៅក្នុងអង្គភាពទូរគមនាគមន៍របស់ក្រុមហ៊ុនRelianc ដែលមានភាគហ៊ុនចំនួន៩,៩៩ភាគរយ។
ភាគហ៊ុននេះបានផ្តល់ឱ្យFacebook នូវកន្លែងឈរជើងដ៏សំខាន់មួយ នៅក្នុងប្រទេសឥណ្ឌា ដែលសេវាកម្មជជែក WhatsApp របស់ខ្លួនមានអ្នកប្រើប្រាស់ចំនួន៤០០លាននាក់ និងត្រៀមបើកសេវាកម្មទូទាត់ប្រាក់។
Facebook បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការវិនិយោគនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ចំពោះប្រទេសឥណ្ឌា និងការរំភើបរបស់យើងចំពោះការផ្លាស់ប្តូរយ៉ាងខ្លាំង ដែលក្រុមហ៊ុនJio បានជំរុញនៅក្នុងប្រទេស”។
ក្រុមហ៊ុនFacebook ក៏បានឱ្យដឹងផងដែរថា ខ្លួនគ្រោងនឹងផ្តោតលើការសហការគ្នារវាងក្រុមហ៊ុនWhatsApp និងក្រុមហ៊ុនបណ្តាក់ទុនជំនួញអេឡិចត្រូនិចJioMart ដើម្បីឱ្យមនុស្សអាចភ្ជាប់ទំនាក់ទំនង ជាមួយអាជីវកម្មហាង និងទិញផលិតផល។

នៅក្នុងខែកុម្ភះឆ្នាំនេះWhatsApp Pay ត្រូវបានផ្តល់ការអនុញ្ញាត ដោយអាជ្ញាធរឥណ្ឌា ដើម្បីចាប់ផ្តើមដំណើរការជាបណ្តើរៗក្នុងរយៈពេលពីរឆ្នាំ បន្ទាប់ពីការចាប់ផ្តើមសាកល្បងសេវាកម្ម។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក ក្រុមហ៊ុនReliance Jio បានឱដឹងថា កិច្ចព្រមព្រៀងនេះ នឹងល្អសម្រាប់ទាំងក្រុមហ៊ុន និងប្រទេសទាំងមូល ដែល“ភាពជាដៃគូនេះ នឹងពន្លឿនការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់ឥណ្ឌា ដោយបំពេញនូវតម្រូវការរបស់ប្រជាជនឥណ្ឌា និងសេដ្ឋកិច្ចឥណ្ឌា”៕ ប្រភពBBC៕






