ក្រុមហ៊ុន​ចិន​គ្រោង​ចូលរួម​វិនិយោគ​ចំណតរថយន្ត​ខ្នាត​ធំ​នៅលើ​ទំហំ​ដី​រាប់​ហិកតាក្នុង​ទីក្រុង​ភ្នំពេញ

0

ដោយ វុត្ថា

ភ្នំពេញៈ ក្រុមហ៊ុន China Good Car Holding (Cambodia) Co.,Ltd ដែលជា​ក្រុមហ៊ុន​របស់​ចិន គ្រោង​ចូលរួម​វិនិយោគ​សាងសង់​ស្ថានីយ៍ ចំណត​យានយន្ត​ធុន​ធំ​នៅ​រាជធានី​ភ្នំពេញ​លើ​ទំហំ​ដី​រាប់​ហិកតា និង​គម្រោង​វិនិយោគ​ដ៏ទៃទៀត ខណៈ​នាពេល​បច្ចុប្បន្ននេះ ទីក្រុង​ភ្នំពេញ​កំពុង​មមាញឹក​ចរាចរណ៍​យ៉ាងខ្លាំង។

លោក​ឈួន វ៉ន់ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក នៃ​ក្រសួង​សាធារណៈ និង​ដឹកជញ្ជូន​បាន​ប្រាប់​គេហទំព័រ propertyarea.asia នៅ​ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២០កន្លងមក​ថា ក្រុមហ៊ុន​ចិន​មួយ​នេះ បាន​ចុះ​ជាមួយ​ក្រុមការងារ​រប​ស់​ក្រសួង​ចុះទៅ​មើល​ទីតាំង​រួចហើយ តែ​ស្នើសុំ​គោល​ការ​ជា​មុននឹង​ចាប់ផ្តើម​វិនិយោគ។

លោក​បន្តថា “ខ្ញុំ​មិនទាន់​ហ៊ាន​ប្រាប់​ទីតាំង​នៅឡើយ​ទេ ព្រោះ​វា​មិនទាន់​ច្បាស់ ហើយ​ទំហំ​ទឹកប្រាក់ ក្នុងការ​វិនិយោគ​វិញ​ក៏​មិនទាន់​បានដឹង​នៅឡើយ តែ​ខាងក្រោម​ហ៊ុន មាន​គម្រោង​រួចរាល់​អស់ហើយ ជាមួយគ្នានេះ​ក្រុមហ៊ុន​បាន និង​កំពុងដំណើរការ​លើ​ឯកសារ​ពាក់ព័ន្ធ ដើម្បី​ចាប់ផ្តើម​វិនិយោគ​នាពេល​ខាងមុខនេះ។

ក្រុមហ៊ុន China Good Car Holding (Cambodia) Co.,Ltd កាលពី​ថ្ងៃទី ២០ ខែមេសា កន្លងមកនេះ បាន​ជួបប្រជុំ​ពិភាក្សា​ជាមួយ លោក​ឈួន វ៉ន់ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក អំពី​គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ ចំណត​យានយន្ត​ធុន​ធំ​នៅ​រាជធានី​ភ្នំពេញ និង​គម្រោង​វិនិយោគ​ដ៏ទៃទៀត។ កិច្ចប្រជុំ​នេះ​ក៏មាន​ការចូលរួម​ពី​សំណាក់​លោក​អគ្គនាយករ​ង លោក​ប្រធាន​នាយកដ្ឋាន និង​តំណាង​ក្រុមហ៊ុន​ផងដែរ។

លោក​ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជ​រដ្ឋ​បា​នល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ប្រាប់​គេហទំព័រ Propertyarea.asia តាមរយៈ​ទូរស័ព្ទ​ឱ្យដឹងថា រហូតមកដល់​ពេលនេះ លោក​មិនទាន់បាន​ទទួលបាន​ដំណឹង​ពី គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ​ចំណត​យានយន្ត​ធុន​ធំ​នៅ​រាជធានី​ភ្នំពេញ​នេះ​នៅឡើយ​ទេ ដោយ​លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ។

លោក​បន្តថា “នៅពេលដែល​ខ្ញុំ​បានទទួល​បាន​ដំណឹង​នេះ​ច្បាស់លាស់ ទើប​អាចនិយាយបាន។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​កន្លងមកនេះ ក៏បាន​មានប្រសាសន៍​ជំ​រុញឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ សាងសង់​នូវ​ចំណត​យានយន្ត ឱ្យបាន​កាន់តែច្រើន​ថែមទៀត ជាពិសេស​ចំណត​យានយន្ត​ក្រោម​ដី គឺ​ត្រូវការ​បន្ថែមទៀត ស្រប​ពេលដែល​រាជធានី​ភ្នំពេញ មានការ​អភិវឌ្ឍន៍​ទី​ក្រុង​យ៉ាង​ឆាប់រហ័ស និង​ការកើនឡើង​នូវ​ចំនួន​យានយន្ត​នៅក្នុង​ទីក្រុង។

សម្តេច​តេ​ជោ​ថ្លែងថា “បើ​យើង​និយាយ​អំពី​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃ មានរឿង​សំខាន់​ពីរ។ ទី១ គឺ​ខ្វះ​កន្លែង​ចត​រថយន្ត ហើយ​ទី២ គឺ​សំរាម១ ថ្ងៃ​សំរាម​ដល់​ទៅ៣០០តោន។ ប្រសិនបើ៥០ភាគរយ នៃ​យានយន្ត​សរុប​ធ្វើដំណើរ​លើ​ដងផ្លូវ ក្នុងពេល​តែមួយ នោះ​រាជធានី​ភ្នំពេញ នឹងមាន​ការកកស្ទះ​និង​ជាប់គាំង​នៅ​មួយកន្លែង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here