ដោយវុត្ថា
ភ្នំពេញៈ គម្រោងលើកកម្រិតគុណភាព និងពង្រីកផ្លូវជាតិលេខ៤៨ ដែលមានប្រវែងសរុប១៥០គីឡូម៉ែត្រ គិតចាប់ពីផ្លូវបំបែកស្រែអំបិល ដល់ទីរួមខេត្តកោះកុងនឹងត្រូវហត្ថលេខាលើឥណទាន នៅថ្ងៃទី២៤ខែមេសា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីត្រៀមរៀបចំដាក់ឱ្យដេញថ្លៃសាងសង់។
នេះ បើយោងតាមកិច្ចប្រជុំតាម Video Conference ពិភាក្សាលើសំណើសុំឥណទានបន្ថែមសម្រាប់ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២០កន្លងមកនេះ រវាងលោកសូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយតំណាង EDCF ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
លោកសូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការបានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីវាយតម្លៃលើសំណើសុំឥណទានបន្ថែម សម្រាប់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក៏ដូចជាពិនិត្យលើកំណត់ហេតុនៃកិច្ចប្រជុំ ដើម្បីកែសម្រួលខ្លឹមសារ ឬលុបចោលចំណុចមួយចំនួន ដែលមិនឆ្លុះបញ្ចាំងនូវស្មារតី នៃកិច្ចប្រជុំនាពេលកន្លងមក សំដៅចម្រាញ់ឱ្យបាននូវខ្លឹមសារ ដែលទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ និងបម្រើឱ្យប្រយោជន៍ជាតិមាតុភូមិកម្ពុជា។
លោកបន្តថា ភាគីកូរ៉េបានឯកភាពលើសំណើ សុំបន្ថែមឥណទាននេះរួចហើយ ភាគីកម្ពុជា ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងពិនិត្យឱ្យបានល្អិតល្អន់លើកំណត់ហេតុនេះ មុននឹងចុះហត្ថលេខានៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីត្រៀមរៀបចំដាក់ឱ្យដេញថ្លៃសាងសង់។
ផ្លូវនេះមានប្រវែងសរុប១៥០គីឡូម៉ែត្រ គិតចាប់ពីផ្លូវបំបែកស្រែអំបិលដល់ទីរួមខេត្តកោះកុង ហើយកន្លងមកត្រូវទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងកត្តាធម្មជាតិផ្សេងៗផងដែរ។
ផ្លូវជាតិលេខ៤៨ ជាច្រករបៀងសេដ្ឋកិច្ចប្រកប ដោយសក្ដានុពលសម្រាប់ការនាំចេញ–នាំចូលរវាងកម្ពុជា និងប្រទេសក្នុងតំបន់។ រាជរដ្ឋាភិបាលបានសម្រេចពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិនេះ ពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) ទៅជាផ្លូវក្រាលបេតុងកៅស៊ូ(AC) ដើម្បីបង្កើនសកម្មភាពដឹកជញ្ជូនបន្ថែម រួមចំណែកដល់ការលើកកម្ពស់សេដ្ឋកិច្ចជាតិ សម្រួលដល់ការធ្វើដំណើរក្នុងតំបន់ និងកាត់បន្ថយភាពក្រីក្រតាមផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានឱ្យដឹងកន្លងមកនេះថា ការស្ថាបនាផ្លូវជាតិលេខ៤៨មួយខ្សែនេះ ក្រោមប្រាក់កម្ចីរបស់សាធារណរដ្ឋកូរ៉េប្រមាណ៦៧លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋា ភិបាលប្រមាណ៨លានដុល្លារ ដើម្បីលើកកម្ពស់គុណភាព ទៅជាផ្លូវបេតុងកៅស៊ូACទាំងស្រុងសំដៅ រក្សាបានភាពយូរអង្វែង អាចទ្រទម្ងន់បានប្រសើរជាងមុន និងចូលរួមចំណែក ក្នុងការសម្រួលដល់ការធ្វើ ដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងការដឹកជញ្ជូនកាន់តែប្រសើរមួយកម្រិតទៀត៕