ដោយ ប៊ី
ភ្នំពេញៈ ទីភ្នាក់ងារថាមពលកូរ៉េ (Korea Energy Agency ) បានប្រកាសថាទីភ្នាក់ងារនេះ នឹងវិនិយោគទឹកប្រាក់ ១០ពាន់លានវ៉ុន (ប្រមាណ៨,១ លានដុល្លារ) នៅឆ្នាំនេះ ក្នុងគម្រោងផ្គត់ផ្គង់កង់អគ្គិសនី និងសាងសង់ស្ថានីយ៍សាកថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Korea Times កាលពីថ្ងៃទី ២៣ ខែមេសាឆ្នាំ២០២០ ។
ទីភ្នាក់ងារនេះបាន និងកំពុងអនុវត្តគម្រោងសាកល្បងមួយ នៅក្នុងរាជធានីភ្នំពេញ និងសៀមរាប ដែលជាទីក្រុងទេសចរណ៍ ដ៏មានប្រជាប្រិយភាពមួយ នៅជិតប្រាសាទអង្គរវត្ត និងល្បីល្បាញទូទាំងពិភពលោកចាប់តាំងពីខែតុលាឆ្នាំមុន។
គម្រោងផ្គត់ផ្គង់កង់អគ្គិសនីត្រូវបានធ្វើឡើង ដើម្បីនាំចេញប្រព័ន្ធ photovoltaic (PV) ស្ថានីយសាក និងកង់អគ្គិសនីក្នុងកញ្ចប់មួយ។
ទីភ្នាក់ងារនេះបានតំឡើងប្រព័ន្ធ PV ៥គីឡូវ៉ាត់ម៉ោង និងស្ថានីយ៍បញ្ចូលអគ្គិសនី ដែលមានកង់អគ្គិសនីចំនួន៣ នៅជិតការិយាល័យរដ្ឋបាលរាជធានីភ្នំពេញ និងមានស្ថានីយ៍ PV ៣.៥ kW ចំនួន៣កន្លែង មានស្ថានីយ៍សាកមួយ និងកង់អគ្គិសនី៣ នៅជិតប្រាសាទអង្គរវត្ត។
ទីភ្នាក់ងារនេះ នឹងបង្កើនចំនួនកង់សូឡាប្រភេទកូរ៉េ នៅកម្ពុជាដល់១.០០០ គ្រឿងជាមុនសិន ហើយបន្ទាប់មកពង្រីកស្ថានីយបញ្ចូលភ្លើងដល់៣០ និងម៉ូតូអគ្គិសនីដល់ ៤.០០០ គ្រឿងក្នុងរយៈពេលវែង។
ទីភ្នាក់ងារនេះ ក៏បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ (MOU) ស្តីពីកិច្ចសហប្រតិបត្តិការអាជីវកម្ម ជាមួយក្រុមហ៊ុន SK Securities and Verywords កាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០ ។
ទីភ្នាក់ងារនេះ គ្រោងនឹងណែនាំកង់អគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ មិនត្រឹមតែទៅកាន់ប្រទេសជិតខាង ដូចជា ប្រទេសវៀតណាម និងឥណ្ឌូនេស៊ីប៉ុណ្ណោះទេ ថែមទាំងទៅកាន់ទីផ្សារអាស៊ី ដូចជាចិន និងឥណ្ឌា និងប្រទេសកម្ពុជាជាមូលដ្ឋានសំខាន់។ យោងតាម Global Market Insight ដែលជាវិទ្យាស្ថានស្រាវជ្រាវទីផ្សារ ទីផ្សារកង់អគ្គិសនីសកលត្រូវបានរំពឹងថា នឹងកើនឡើង៥ភាគរយជារៀងរាល់ឆ្នាំនៅឆ្នាំ២០២៤ ៕






