ធនាគារជាតិស្នើគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្ធូរបន្ថយកម្រៃឥណទាន និងលើកលែងការផាកពិន័យរហូតដល់ដំណាច់ឆ្នាំ២០២០

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានស្នើសុំឱ្យគ្រប់ពន្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ បន្ធូរបន្ថយកម្រៃសេវាពាក់ព័ន្ធនឹងឥណទាន និងលើកលែងការផាកពិន័យ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។

តាមលិខិតស្នើសុំមួយច្បាប់របស់ធនគារជាតិនៃកម្ពុជាចុះថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២០កន្លងមកនេះ ដែលបានផ្ញើជូនគ្រប់គ្រឹះស្ថានធនគារ និងហិរញ្ញវត្ថុ បានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជាបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់គ្រប់ធនាគារ និងហិរញ្ញវត្ថុ ដែលបាន និងកំពុងអនុវត្តវិធានការនានាដែលបានដាក់ចេញដោយរដ្ឋាភិបាលកន្លងមក។

លិខិតដដែលបន្តថា ក្នុងស្ថានភាពដែលពិភពលោកក៏ដូចជាព្រះរាជាណាចក្រកម្ពុជា កំពុងប្រឈមការរីករាលដាលនៃជំងឺវីរុសកូវីដ ១៩ ធនាគារជាតិនៃកម្ពុជា ស្នើសុំការយោគយល់ពីគ្រប់គ្រឹស្ថានធនគារ និងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះបន្ថែមដល់អតិថិជនដើម្បីជួយសម្រាលបន្ទុករបស់គាត់មួយកម្រិតទៀតក្នុងគ្រាលំបាកនេះ ។

ធនាគារជាតិបញ្ជាក់ថា ដូចជាការបន្ធូរបន្ថយកម្រៃសេវាផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន និង/ឬ លើកលែងការផាកពិន័យផ្សេងៗចំពោះអតិថិជនរបស់ខ្លួន ចាប់ពីកាលបរិច្ឆេទនៃលិខិតនេះ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ ២០២០។

ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០កន្លងទៅ បានដាក់ចេញនូវវិធានការគាំទ្រចំនួន៥ចំណុច ដើម្បីផ្ដល់សន្ទនីយភាព (បង្កើនសាច់ប្រាក់ក្នុងដៃ) បន្ថែមដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សំដៅរួមចំណែកកាត់បន្ថយផលប៉ះពាល់ពីជំងឺ Covid-19 មកលើសេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

វិធានការទាំង៥ចំណុចនេះរួមមាន៖

១) ពន្យារពេលឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរក្សាកម្រិតទ្រនាប់ដើមទុនខនស៊ើវេសិន (CCB) ត្រឹម៥០ភាគរយ។

២) កាត់បន្ថយអត្រាការប្រាក់អប្បបរិមា នៃប្រតិបត្តិការផ្ដល់សន្ទនីយភាព ដោយមានការធានា (LPCO) ចំនួន ០.៥ ភាគរយ ចំពោះគ្រប់ឥណទាន។

៣) កាត់បន្ថយអត្រាការប្រាក់ លើមូលបត្រអាចជួញដូរបាន (NCD) ចារឹកជារៀល និងជាដុល្លារអាមេរិក ក្នុងកម្រិតសមស្រប។

៤)កាត់បន្ថយអត្រាប្រាក់បម្រុងកាតព្វកិច្ច (RRR) ពី៨ភាគរយចំពោះប្រាក់រៀល និង ១២.៥ ភាគរយ ចំពោះរូបិយប័ណ្ណ មកត្រឹម៧ភាគរយទាំងចំពោះប្រាក់រៀល និងរូបិយប័ណ្ណ ក្នុងរយៈពេល៦ខែចាប់ពីខែមេសា ឆ្នាំ២០២០។

៥) កាត់បន្ថយកម្រិតអនុបាតក្របខ័ណ្ឌសន្ទនីយភាព (LCR) ក្នុងកម្រិតសមស្របតាមការចាំបាច់។

ធនាគារជាតិនៃកម្ពុជា បញ្ជាក់ទៀតថា ខ្លួននឹងបន្ដតាមដានយ៉ាងប្រុងប្រយ័ត្ន លើស្ថានភាពវឌ្ឍនភាពវិស័យធនាគារ, បញ្ហាប្រឈម និងហានិភ័យនានា ដែលអាចកើតឡើងជាយថាហេតុ ក្នុងគោលដៅរក្សានិរន្ដរភាព និងស្ថិរភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុ និងរួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here