កម្ពុជានឹងរៀបចំបណ្តាខេត្តមួយចំនួនឱ្យទៅជាតំបន់បច្ចេកវិទ្យានាំមុខបម្រើប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា បាន និងកំពុងពិចារណាក្នុងការបែងចែកនូវចំណែកតំបន់ ដោយជ្រើសយកខេត្តដែលមានសក្ដានុពល និងអាទិភាពចាត់បញ្ចូលទៅក្នុងផ្នែកសំខាន់ៗចំនួន៤ ដើម្បីធ្វើពិពិធកម្ម និងបង្កើនលទ្ធភាពក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈការអនុវត្តបែបបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍។

រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម បច្ចេកទេស វិទ្យាសាស្ត្រ និងនវានុវត្តន៍ លោក ហេង សុខគង់ បានមានប្រសាសន៍នៅក្នុងពិធីសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងអនុវត្តទិសដៅបន្ត នៅទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីពេលកន្លងទៅថ្មីៗនេះថា បច្ចុប្បន្ន កម្ពុជាកំពុងតែសិក្សាយ៉ាងលម្អិតទៅលើការកំណត់ និងសម្រេចជ្រើសយកខេត្តមួយចំនួនដាក់ជាតំបន់ពិសេសក្នុងការបង្កើនលទ្ធភាព និងអភិវឌ្ឍន៍ ស្របតាមយុគសម័យជំនាន់ទី៤ ដោយបច្ចេកទេសទំនើបសម័យឌីជីថល។

លោក ហេង សុខគង់ បានមានប្រសាសន៍ថា “យើងក៏មានការរៀបចំជាតំបន់នៅតាមបណ្តាខេត្តមួយចំនួននៅទូទាំងប្រទេស ពីព្រោះយើងមិនអាចអភិវឌ្ឍន៍បច្ចេកវិទ្យា វិទ្យាសាស្ត្រ ទៅគ្រប់ទាំង២៥ខេត្តក្រុងព្រមគ្នាតែម្ដងនោះទេ”។ លោកបានបន្តទៀតថា “យើងនឹងពិនិត្យទៅលើសក្ដានុពលនៃខេត្តណាដែលមានអាទិភាពគួរធ្វើមុនគេ ហើយខេត្តណាដែលយើងគួរដាក់ជាសួនវិទ្យាសាស្ត្រ ខេត្តណាស័ក្ដិសមជាសួនឧស្សាហកម្ម ខេត្តណាស័ក្ដិសមជាសួននវានុវត្តន៍ ខេត្តណាស័ក្ដិសមជាសួនឌីជីថល ដែលសុទ្ធតែស្ថិតនៅក្នុងការគិតពិចារណានៃការបែងចែកទាំងអស់” ។

លោក ហេង សុខគង់ បានមានប្រសាសន៍បន្តទៀតថា “ខេត្តព្រះសីហនុ ច្បាស់ណាស់ថានឹងមានអាទិភាពមុនគេ ដោយសារតែខេត្តនេះស្ថិតនៅក្រោមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ប៉ុន្តែយើងមានការបែចែកជាតំបន់ មានន័យថា មិនមែនមានតែខេត្តមួយនេះទេ ពោលគឺមានការជ្រើសរើសចាប់ពី៤ខេត្ត ឬ៥ខេត្ត ហើយនឹងត្រូវរៀបចំជាមួយប្លុក ជាតំបន់សហគ្រាសធុនតូច និងមធ្យម (SME Zoon) ដូចជា ខេត្តកំពង់ចាម ត្បូងឃ្មុំ ដែលសម្បូរដោយចំការកៅស៊ូ ខេត្តកណ្តាល កំពង់ឆ្នាំង បាត់ដំបង និងខេត្តបន្ទាយមានជ័យ សម្បូរទៅដោយដំណាំស្រូវ ថាតើគួរធ្វើតំបន់ទាំងនេះយ៉ាងណា ដើម្បីជួយលើកកម្ពស់ខ្សែសង្វាក់ផលិតកម្មឱ្យកាន់តែវែង អាចកែច្នៃក្នុងការផលិតឱ្យអស់លទ្ធភាព ដែលទទួលបានចំណេញកាន់តែខ្ពស់ អាចធានាបាននូវវឌ្ឍនភាពនៃភាពរកចម្រើនរបស់កម្ពុជាទៅថ្ងៃអនាគត់”។

ជាមួយនឹងការលើកឡើងពីគម្រោងនៃការជ្រើសរើសបណ្តាខេត្តនានានៅទូទាំងប្រទេស កម្ពុជាក៏មានគម្រោងកែប្រែវិស័យឧស្សាហកម្ម ជាពិសេសវិស័យរោងចក្រឱ្យក្លាយទៅជាបែបទំនើបកម្ម (Smarty Factory) ស្របតាមយុគសម័យជំនាន់ទី៤ ដែលរាល់ដំណើរដោយសង្វាក់ផលិតកម្ម ប្រាកដទទួលបាននូវគុណភាព សុវត្ថិភាព និងបរិស្ថានល្អ នៅក្នុងរោងចក្រមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ មិនប៉ះពាល់ដល់បុគ្គលិក កម្មករ មានហានិភ័យតិច លទ្ធភាពផលិតមានសមត្ថភាពខ្ពស់។

LEAVE A REPLY

Please enter your comment!
Please enter your name here