ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្រុមហ៊ុន យក្សចិនចំនួន២ ដែលមានជំនាញ និងឯកទេសកំពូលផ្នែកសាងសាង់សំណង់ CCCC និងក្រុមហ៊ុនជំនាញកំពូលផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍នាសម័យចុងក្រោយនៅលើពិភពលោក ដែលកំពុងមានវត្តមាន និងវិនិយោគលើគម្រោងធំមួយចំនួននៅកម្ពុជារួចទៅហើយនោះ បានបង្ហាញ ពីឆន្ទៈ និងផែនការអភិវឌ្ឍន៍លើវិស័យសំខាន់ៗជាច្រើនរបស់ខ្លួនបន្ថែមទៀត។

នៅក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត នៅទីស្ដីការក្រសួងកាលពីល្ងាំចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ លោក Yuya Yao នាយកប្រតិបត្តិក្រុមហ៊ុន Hauwei បានបង្ហាញពីភាពរីករាយដែលបានសហការវិនិយោគនៅកម្ពុជា ។
លោកបានបញ្ជាក់ផងដែរថា នៅពេលបច្ចុប្បន្ននេះ និងបន្តទៅថ្ងៃអនាគត ក្រុមហ៊ុន Hauwei មានផែនការ និងគម្រោងអភិវឌ្ឍន៍ទៅលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជាជាច្រើនថែមទៀត ជាមួយការជឿជាក់ទទួលបានភាពជោគជ័យក្នុងអត្រាកម្រិតខ្ពស់បំផុត ។
ដោយឡែក លោក Zhan Jinsheng នាយក ប្រតិបត្តិ ក្រុមហ៊ុន CCCC (China Communications Constructions Company ) ដែលជាក្រុមហ៊ុនដ៏ធំកំពុងមានដំណើរការប្រតិបត្តិការទៅលើគម្រោងសាងសាង់ហេដ្ឋារចនាសម្ព័ន្ឌធំៗ និងសំខាន់ៗនៅកម្ពុជាបានលើកឡើងថា បទពិសោធន៍ការងារជាង ១២០ ឆ្នាំរបស់ក្រុមហ៊ុន CCCC ដែលបានបង្កើតតាំងពីឆ្នាំ១៨៩៧ និងបានចុះបញ្ជីលក់ភាគហ៊ុននៅផ្សារមូលបត្រក្រុងសៀងហៃ និងហុងកុង។ លោកបានបន្តថា ក្រុមហ៊ុន CCCC ជាក្រុមហ៊ុនធំជាងគេក្នុងពិភពលោកផ្នែកសំណង់ហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ ផ្លូវ ស្ពាន រួមបញ្ចូលទាំងស្ពានឆ្លងសមុទ្រវែងជាងគេលើពិភាពលោកភ្ជាប់ពីទីក្រុងហុងកុងទៅម៉ាកាវ។ ក្រុមហ៊ុនបានដើរតួនាទីសំខាន់ក្នុងការគាំទ្រគម្រោងខ្សែក្រវ៉ាត និងផ្លូវ (Project in Belt and Road) របស់ប្រទេសចិន។
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បានជម្រាបជូនក្រុមហ៊ុនអំពីការងារអាទិភាពរបស់ក្រសួងក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឱ្យកាន់តែល្អទាំងគុណភាព វិសាលភាព និងថ្លៃសេវា ដែលមានជាអាទិ៍ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ (submarine cable), បណ្តាញខ្សែកាប្លិ៍អុបទិកឆ្អឹងខ្នង (Backbone network), បណ្តាញខ្សែកាប្លិ៍អុបទិកចែកចាយ (Access Network), និងមាត់ច្រកអ៊ីនធឺណេតអន្តរជាតិ (International Internet Gateway) ជាដើម។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាការគ្រប់គ្រងលើប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ជាចំណុចគន្លឹះមួយមិនត្រឹមតែសម្រាប់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែរួមបញ្ចូលនូវផ្នែកសន្តិសុខជាតិ និងការប្រជែងឥទ្ធិពលភូមិសាស្រ្តនយោបាយផងដែរ។
ជាមួយគ្នានេះ លោកបានជំរុញដល់ក្រុមហ៊ុនទាំងពីរឱ្យបន្ថែមការវិនិយោគ និងសហការគ្នាកសាងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជាឱ្យកាន់តែទូលំទូលាយដើម្បីជាមូលដ្ឋានរឹងមាំមួយក្នុងការកាត់បន្ថយគន្លាតឌីជីថល និងការនាំយកកម្ពុជាចូលទៅក្នុងយុគ្គសម័យបដិវត្តន៍ឧស្សាហកម្មទី៤៕






