ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបើកកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីចូលរួមគាំទ្រលើការអនុវត្តគម្រោងនៃការប្រកួតប្រជែងកសិ-ពាណិជ្ជកម្ម និងជំរុញការផ្តល់ឥណទានដល់សហគមន៍កសិកម្ម និងម្ចាស់សហគ្រាសធុនតូច និងមធ្យម (SME) នៅកម្ពុជា ។

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម លោក កៅ ថាច បានដឹកនាំកិច្ចប្រជុំជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈ Video Conference កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ ក្រោមគោលបំណងពិភាក្សាលម្អិតជាមួយភាគីធនាគារ ADB អំពីលទ្ធភាពនៃការសហការជាមួយ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីចូលរួមអនុវត្ត “គម្រោងអភិវឌ្ឍន៍ការប្រកួតប្រជែងកសិ-ពាណិជ្ជកម្ម (Competitive Agribusiness Development Project)”។
លោក កៅ ថាច បានបញ្ជាក់ថា គម្រោងគម្រោងអភិវឌ្ឍន៍ការប្រកួតប្រជែងកសិ-ពាណិជ្ជកម្ម គឺមានការផ្តោតសំខាន់ទៅលើការបង្កើនតម្លៃបន្ថែមដល់តួអង្គនៃខ្សែច្រវាក់ផលិតកម្មកសិកម្ម ដើម្បីជំរុញផលិតកសិកម្មកសិកម្ម”។ ជាមួយគ្នានេះ លោកក៏បានបង្ហាញពីកិច្ចស្វាគមន៍ចំពោះការចូលរួមគាំទ្រអនុវត្តគម្រោងក្នុងគោលដៅអភិវឌ្ឍន៍វិស័យកសិកម្មនៅប្រទេសកម្ពុជា ជាមួយនឹងការលើកឡើងអំពីបច្ចុប្បន្នដែលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បាន និងកំពុងជំរុញការផ្តល់ឥណទានដល់សហគមន៍កសិកម្ម និងម្ចាស់សហគ្រាសគ្រឹះស្ថានធុនតូចនិងមធ្យម គាំទ្រផលិតកម្មបន្លែ ការចិញ្ចឹមសត្វ និងការចិញ្ចឹមត្រី។
លោកអគ្គនាយកក៏បានផ្តល់ជាយោបល់ដោយស្នើឱ្យ ធនាគារអភិវឌ្ឍន៍អាស៊ី គាំទ្រហិរញ្ញប្បទានគម្រោងមួយផ្នែកជា Credit Guarantee Scheme ដល់សហគមន៍កសិកម្មដើម្បីអាចឱ្យសហគមន៍មានលទ្ធភាពខ្ចីឥណទានបាន ដោយសារបច្ចុប្បន្នសហគមន៍ភាគច្រើនមិនមានទ្រព្យធានា ព្រមទាំងគាំទ្រដល់ផ្នែកហេដ្ឋារចនាសម្ព័ន្ធផលិតកម្មបន្លែ បន្ទាប់ពីប្រមូលផល (post-harvest infrastructure) ដូចជា Cool-room និង Pre-cool room ជាដើម៕







