ដោយ ហ្សូលី
ភ្នំពេញ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញ សម្រាប់ធ្វើដំណើរជាង១៣០នៅក្នុងប្រទេសកម្ពុជា បានផ្អាកប្រតិបត្តិការ ដោយសារការបញ្ជាទិញធ្លាក់ចុះដែលបណ្តាលមកពីជំងឺរាតត្បាត Covid-19។ នេះបើតាមឲ្យដឹងពីអ្នកនាំពាក្យក្រសួងការងារកាលពីថ្ងៃច័ន្ទទី ២៧ ខែមេសា ឆ្នាំ ២០២០កន្លងមកនេះ។

រដ្ឋលេខាធិការក្រសួងការងារ និងជាអ្នកនាំពាក្យ លោកហេង សួរ បានមានប្រសាសន៍ថា ផលិតផលទាំងនេះភាគច្រើន ត្រូវបាននាំចេញទៅកាន់បណ្តាប្រទេសអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក ប៉ុន្តែបច្ចុប្បន្នប្រទេសទាំងនេះ កំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការផ្ទុះឡើងដែលនាំឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនូវតម្រូវការ។
លោកបានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា “គិតត្រឹមថ្ងៃទី ២៧ ខែមេសា) រោងចក្រជាង១៣០បានស្នើសុំផ្អាកប្រតិបត្តិការ ដែលបណ្តាលឳ្យប៉ះពាល់ដល់កម្មករជិត ១០០.០០០ នាក់។
លោកហេង សួរបានបន្តថា រោងចក្រនៅកម្ពុជា មិនបានទទួលការបញ្ជាទិញពីអ្នកទិញ ដែលមានសក្តានុពលសម្រាប់ខែមេសា ឧសភា និងមិថុនាទេ ប៉ុន្តែរោងចក្រមួយចំនួននៅតែដំណើរការ និងរក្សាផលិតផលចុងក្រោយរបស់ពួកគេនៅក្នុងឃ្លាំង ដោយសង្ឃឹមថា តម្រូវការនឹងស្ទុះងើបឡើងវិញ នៅពេលដែលស្ថានភាពពិភពលោកមានស្ថេរភាព។
លោកបានមានប្រសាសន៍ថា“ យើងគិតថាការនាំចេញរបស់យើងនៅត្រីមាសទី២ ឆ្នាំនេះអាចធ្លាក់ចុះពី៥០ ទៅ៦០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បើតាមអ្នកនាំពាក្យរូបនេះ ដើម្បីជួយកម្មករ ដែលរងគ្រោះរដ្ឋាភិបាលបានសំរេចចិត្តបង់ប្រាក់៤០ដុល្លារក្នុងមួយខែ ដល់ពួកគេម្នាក់ៗបន្ថែមលើប្រាក់ឧបត្ថម្ភ ពីថៅកែរោងចក្រដើម្បីជួយពួកគេក្នុងពេលផ្អាកផលិតកម្ម។
យោងតាមក្រសួងការងារបានឱ្យដឹងថា ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញ គឺជាវិស័យនាំចេញដ៏ធំបំផុត របស់កម្ពុជា ដែលផ្តល់ការងារដល់ប្រជាជនប្រហែល៧៥០.០០០ នាក់នៅក្នុងរោងចក្រ និងសាខាប្រមាណ១.១០០ ។
វិស័យនេះ ទទួលបានប្រាក់ចំណូលសរុប៩,៣២ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៩ គឺកើនឡើង១១ភាគរយ ធៀបនឹងឆ្នាំ២០១៨ ៕
ប្រភព Xinhua






