ដោយ ហ្សូលី
បាងកកៈ ប្រទេសថៃបានសម្រេចពន្យាពេលបិទ ជើងហោះហើរពាណិជ្ជកម្មចូលប្រទេសរយៈពេល១ខែបន្ថែមទៀត ដើម្បីទប់ស្កាត់ និងបង្ការជំងឺឆ្លង Covid-19។

រដ្ឋាភិបាលថៃបានចេញសេចក្តីសម្រេចថា ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២០នេះ ជើងហោះហើរពាណិជ្ជកម្មទាំងអស់ ដែលចូលមកក្នុងទឹកដីថៃត្រូវបិទមិនអនុញ្ញាតឱ្យហោះចូលមមកឡើយ ប៉ុន្តែក៏មានករណីលើកលែងផងដែរដូចជា យន្តហោះយោធាឬរបស់រដ្ឋ ការចុះចតបន្ទាន់ ការចុះចតដោយបញ្ហាបច្ចេកទេស យន្តហោះជំនួយមនុស្សធម៌ វេជ្ជសាស្រ្តឬសម្ភារៈសង្គ្រោះទាក់ទងនឹងជំងឺCovid-19 យន្តហោះដឹកពលរដ្ឋថៃចូលប្រទេសវិញ និងយន្តហោះដឹកជញ្ជូនទំនិញ ត្រូវបានអនុញ្ញាតឱ្យចូលមកក្នុងដែនដីប្រទេសថៃជាធម្មតា។
ក្រៅពីនេះ រដ្ឋាភិបាលថៃក៏បន្តមានការរឹតត្បឹត នៃការបម្លាស់ទីរបស់ប្រជាពលរដ្ឋខ្លួនផងដែរ ដោយមិនឱ្យធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ និងហាមមិនឱ្យប្រមូលផ្តុំគ្នាជាសាធារណៈ។ បន្ថែមពីនេះ ប្រជាពលរដ្ឋត្រូវបានកំណត់ម៉ោងចេញចូលលំនៅដ្ឋាន ដោយអនុញ្ញាតមិនឱ្យចេញពីផ្ទះឡើយចាប់ពីម៉ោង១០យប់ ដល់ម៉ោង៤ព្រឹក។
នេះជាការពន្យាពេលសារជាថ្មីម្តងទៀត បន្ទាប់ពីរដ្ឋាភិបាលថៃបានប្រកាសសំរាមនេះកាលពីពាក់កណ្តាលខែមេសានេះ។ រដ្ឋាភិបាលថៃបានប្រកាសពន្យាពេលបិទជើងហោះហើរត្រឹមចុងខែមេសានេះប៉ុណ្ណោះ ប៉ុន្តែដោយសារស្ថានភាពមិនទាន់អំណោយផល ដូច្នេះត្រូវបន្ថែមរយៈពេល១ខែទៀត។
ក្រៅពីការបិទការធ្វើដំណើរតាមផ្លូវអាកាស សូម្បីតែការធ្វើដំណើរផ្លូវគោកនៅតាមច្រកព្រំដែន ក៏នៅតែអនុវត្តការរឹតបន្តឹងដដែល ដោយមិនអនុញ្ញាតឱ្យមានការធ្វើដំណើរចេញចូលឡើយ ក្រៅពីរថយន្តដឹកទំនិញ លើកលែងតែតៃកុងឡានប៉ុណ្ណោះ ប៉ុន្តែក៏នៅតែមានការទាមទារពិនិត្យឯកសារ បញ្ជាក់ពីស្ថានភាពសុខភាព និងធ្វើចត្តាឡីស័ក ១៤ថ្ងៃដដែល៕







