ដោយ ហ្សូលី
ភ្នំពេញៈ ប្រជនជនកម្ពុជាប្រមាណ៩៩,៧ភាគរយ នៃកម្លាំងពលកម្មសរុប១០ លាននាក់ នៅកម្ពុជាសុទ្ធតែមានការងារធ្វើ។ នេះបើយោងតាមសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងក្នុងឱកាសទិវាពលកម្មអន្តរជាតិ១ ឧសភា លើកទី១៣៤ ។

យោងតាមអត្ថន័យក្នុងសារនោះបានបញ្ជាក់ថា វិស័យសេដ្ឋកិច្ចទាំងផ្លូវការនិងក្រៅផ្លូវការបានទាក់ទាញកម្មករ និយោជិតប្រមាណ៣,៧លាននាក់ ខណៈដែលវិស័យកសិកម្មផ្តល់ការងារ ដល់ប្រជាជនពលរដ្ឋកម្ពុជាចំនួន៤លាននាក់ និង៥០០.០០០នាក់ផ្សេងទៀតជាមន្រ្តីសាធារណៈ ដែលបម្រើការនៅតាមស្ថាប័ននានា។ ក្រៅពីនេះ ប្រជាជនកម្ពុជាប្រមាណ១,២៨ លាននាក់ បានចំណាកស្រុកដើម្បីធ្វើការនៅបរទេស។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ទៅលើការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុវត្ថិភាព សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលជាកម្មករ និងនិយោជិក ជាពិសេសត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់នៅក្នុងគ្រាដ៏លំបាកអំឡុងវិបត្តិជំងឺ covid-19 នេះ។
បើគិតត្រឹមឆ្នាំ២០១៩ កម្ពុជាមានសហជីពក្នុងស្រុកចំនួន៤៩៩៦ សហព័ន្ធសហជីពចំនួន២១៦ សហជីពពាណិជ្ជកម្មចំនួន៣៣ និងសមាគមនិយោជកចំនួន១១ ដែលបានចុះបញ្ជីស្របច្បាប់ជាផ្លូវការនៅប្រទេសកម្ពុជា។
ប្រទេសកម្ពុជាត្រៀមនឹងប្រារព្ធ ទិវាពលកម្មអន្តរជាតិលើកទី១៣៤ នៅថ្ងទី១ ខែ ឧសភា ឆ្នាំ ២០២០នេះ ក្រោមប្រធានបទ“ សន្តិភាព និងការងារសមរម្យ”។ ដើម្បីបងា្ករនិងទប់ស្កាត់ការរីករាលដាល នៃជំងឺរាតត្បាត Covid-19, កម្មករនិងនិយោជិកទាំងអស់ត្រូវបានណែនាំអោយប្រារព្ធទិវាប្រចាំឆ្នាំនេះ នៅផ្ទះជាមួយសមាជិកគ្រួសាររបស់ពួកគេ៕







