ដោយវុត្ថា
ភ្នំពេញ៖ កម្ពុជាស្នើឱ្យសហរដ្ឋអាមេរិកពិចារណាក្នុងការជួយគាំទ្រលើវិស័យកំពង់ផែ ដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក និងផ្លូវដែក ជាពិសេសការ កសាងសមត្ថភាពដល់មន្ត្រីជំនាញនៅក្នុងការកសាងផ្លូវថ្នល់ ក្នុងរូបភាពជាការផ្តល់នូវវគ្គបណ្តុះបណ្តាលឬការផ្លាស់ប្តូរនូវក្រុមជំនាញការ ទស្សនកិច្ចសិក្សារវាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែទីក្រុង Los Angeles ជាដើម។

សំណើរនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២០ ម្សិលមិញនេះ នៅទីស្តីការក្រសួង ។
លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានឱ្យដឹងថា ចំពោះសំណើររបស់ភាគីកម្ពុជានេះ នឹងទទួលយកទៅពិចារណា ដើម្បីឈានទៅដល់ការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យទាំងនេះ។
លោកបន្តថា សម្រាប់ខួបលើកទី៧០នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ដែលខែនីមួយៗនៃឆ្នាំនេះនឹងផ្តោតទៅលើប្រធានបទផ្សេងៗគ្នា ដូចជាខែមេសា និងឧសភា គឺជាខែសម្រាប់បរិស្ថាន និងសុខភាពសាធារណៈ រីឯខែកញ្ញា ត្រូវផ្តោតលើប្រធានបទពាណិជ្ជកម្មនិងវិនិយោគ ដែលនឹងមានការធ្វើទស្សនកិច្ចពីក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក មកកាន់ កម្ពុជាជាដើម។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការកោតសរសើរចំពោះកិច្ចសហការ និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងបានបង្ហាញភាពរីករាយ និងស្វាគមន៍ចំពោះកិច្ចសហការជាមួយសហរដ្ឋអាមេរិកទាក់ទងនឹងគម្រោងនានានៅពេលអនាគតក្នុងវិស័យសាធារណការ និងការដឹកជញ្ជូន។
លោកបន្ថែមទៀតថា ចំពោះស្ថានភាពនៅកម្ពុជាមានភាពល្អប្រសើរ រួមទាំងស្ថានភាពសេដ្ឋកិច្ច ជាពិសេសការធ្វើចរាចរណ៍ដោយរលូននៃការដឹកជញ្ជូនឆ្លងកាត់ព្រំដែនជាមួយប្រទេសជិតខាង ទោះបីជាមានការអនុវត្តនូវវិធានការចត្តាឡីស័ក ដែលដាក់ឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ចំពោះបញ្ជាការនាវិកបរទេសដែលចូលមកកម្ពុជា និងចំពោះការដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមផ្លូវគោកជាមួយប្រទេសវៀតណាម ដើម្បីបញ្ចៀសការចម្លងនៃជំងឺនេះ តម្រូវឱ្យមានការផ្លាស់ប្តូរអ្នកបើកបររថយន្តដឹកទំនិញនៅតំបន់ស៕






