ដោយវុត្ថា
ភ្នំពេញៈ សហគ្រាសខ្នាតតូចបំផុត តូចនិងមធ្យម (MSMEs) និងប្រភេទអាជីវកម្មបង្កើតថ្មី( Tech Startup)នៅកម្ពុជា កំពុងទទួលរងផលបះពាល់ដោយសារការរីករាលដាលជាសកលនៃជំងឺកូវីដ–១៩ ខណៈស្ថាប័នពាក់ព័ន្ធបាននិងកំពុងស្វែងរកដំណោះស្រាយសមស្របជួយឱ្យកាន់តែប្រសើរក្រោយចប់កូវីដ១៩។

នេះបើយោងតាមការផ្សព្វផ្សាយរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍នៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២០ នេះ បន្ទាប់ពីកិច្ចប្រជុំវាង លោក ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ និងកិច្ចប្រជុំជាមួយតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងភាគីពាក់ព័ន្ធកាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ស្តីពីការវាយតម្លៃផលប៉ះពាល់នៃជំងឺកូវីដ–១៩ទៅលើ MSMEs និង Tech Startup នៅកម្ពុជា ។
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឱ្យដឹងថា កិច្ចប្រជុំនាពេលនេះគឺមានសារ:សំខាន់ ដើម្បីបានស្តាប់បទឧទ្ទេសនាម នូវលទ្ធផលអង្កេតស្រាវជ្រាវពីអ្នកជំនាញ និងការផ្លាស់ប្តូរយល់ទាក់ទងនិងផលបច្ច័យដែលជាវិបត្តិបង្កឡើងពីជំងឺកូវីដ–១៩ ទៅលើវិស័យ MSMEs និងប្រភេទអាជីវកម្មបង្កើតថ្មី ( Tech Startup )នៅកម្ពុជា ។
លោកទេសរដ្ឋមន្ត្រីបន្តថា យើងក៏អាចប្រមូលធាតុចូល តាមរយ:អនុសាសន៍ ក៏ដូចជាកង្វល់នានា ដែលបានលើកឡើងពីវាគ្មិនពាក់ព័ន្ធ រួមជាមួយវិធានការណ៌ជាអាទិភាពមួយចំនួនដែលត្រូវប្រកាន់យក ដើម្បីស្តារភាពរស់រវើកឡើងវិញ ក្រោយពីវិបត្តិCovid-19 បានថមថយនិងរលត់ទៅ។
លោក កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បាន ឱ្យដឹងថា កិច្ចសហការដ៏ល្អរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លើគំនិតផ្តួចផ្តើមមួយចំនួនបានជួយលើកកំពស់វិស័យ MSMEs និងប្រភេទអាជីវកម្មបង្កើតថ្មី (Tech Startup) នៅកម្ពុជា ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។

លោកបន្ថែមថា “”លទ្ធផលបង្ហាញពីការអង្កេត ស្រាវជ្រាវ ចាត់ទុកជាការពាំនាំនូវសម្លេងនៃវិស័យឯកជនពាក់ព័ន្ធខាងលើ ដើម្បីពិនិត្យមើលថាតើបច្ច័យទាំងអស់នេះរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាដៃគូអភិវឌ្ឍន៍ ប្រកាន់យកវិធានការណ៌ រឺកត្តាអាទិភាពយ៉ាងណាខ្លះ? ដើម្បីគាំទ្រទៅដល់ Eco-Systemរបស់យើង ដូចជាតាមរយ:វិធានការណ៍ហិរញវត្ថុ គោលនយោបាយ ពន្ធដា និងពាក់ព័ន្ធធនាគារដែលផ្តល់កម្ចីជាដើម”។
លោកស៊ឹម ច័ន្ទគីរីរ័ត្ន តំណាងមកពីសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានឱ្យដឹងដែរថា ផលប៉ះពាល់នៃជំងឺកូវីដ–១៩ ទៅលើសហគ្រាសខ្នាតតូចបំផុត តូចនិងមធ្យម (MSMEs) និងប្រភេទអាជីវកម្មបង្កើតថ្មី (Tech Startup) នៅកម្ពុជា បានចាប់ផ្តើមឡើងកាលពីចុងខែមីនា និងចុងខែមេសាឆ្នាំ២០២០កន្លងមក។
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ឱ្យដឹងបន្ថែមថា ផលប៉ះពាល់ពីជំងឺកូវីដ–១៩ បានបង្អាក់ដំណើររីកលូតលាស់សេដ្ឋកិច្ចជាសកល។ ចំពោះកម្ពុជាក៏ដូចគ្នា ផ្តើមចេញពីបញ្ហានេះ ពិតណាស់រាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ ភ្នាក់ងារអភិវឌ្ឍន៍ វិស័យធនាគារ និងដៃគូឯកជនត្រូវរួមគ្នារិះរកមធ្យោបាយសមស្រប ដើម្បីធ្វើឲ្យប្រសើរឡើងវិញនៃឱកាសអាជីវកម្មក្រោយ កូវីដ–១៩ ។
លោកចម ប្រសិទ្ធថ្លែងថា “យើមិនអាចធ្វើអ្វីដោយគ្មានការវិភាគ និងកំណត់មុខសញ្ញាច្បាស់លាស់ទេ គឺយើត្រូវកំណត់កត្តាអាទិភាព តាមវិស័យនីមួយៗ ហើយក្រសួងស្ថាប័នពាក់ព័ន្ធ ជាតួអង្គសំខាន់ក្នុងការចូលរួមសហការទាំងអស់គ្នា”៕







