ដោយ ប៊ី
អន្តរជាតិ៖ សហរដ្ឋអាមេរិកបានឱ្យដឹងថា ខ្លួនចង់ខ្ចីប្រាក់ចំនួន ៣ ទ្រីលានដុល្លារ នៅក្នុងត្រីមាសទី ២ ដោយសារកញ្ចប់សង្គ្រោះដែលទាក់ទងនឹងជំងឺ COVId-19 បានប៉ពាល់ដល់ការចំណាយថវិកាជាតិរបស់ខ្លួន។
ចំនួនកម្ចីដែលអាមេរិកប្រកាសចង់បាននេះគឺច្រើនជាង ៥ ដង បើប្រៀបធៀបនឹងប្រចាំត្រីមាសមុន ដែលស្មើនឹងកម្រិតកម្ចីកំឡុងវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨។
អាមេរិកបានអនុម័តថវិកាប្រហែល ៣ ទ្រីលានដុល្លារក្នុងការផ្តល់ជំនួយសង្គ្រោះដែលទាក់ទងនឹងជំងឺ COVID-19 រួមមានថវិកាសុខភាព និងការទូទាត់ប្រាក់ដោយផ្ទាល់។
នៅឆ្នាំ ២០១៩ ប្រទេសនេះបានខ្ចីប្រាក់ ១.២៨ ទ្រីលានដុល្លារ។ បំណុលរបស់រដ្ឋាភិបាលអាមេរិកសរុបមានចំនួនជិត ២៥ ទ្រីលានដុល្លារ។
កញ្ចប់ចំណាយចុងក្រោយត្រូវបានគេប៉ាន់ស្មានថាមានតម្លៃប្រហែល ១៤ ភាគរយ នៃសេដ្ឋកិច្ចរបស់ប្រទេស។ រដ្ឋាភិបាលក៏បានបន្ថែមកាលបរិច្ឆេទកំណត់ប្រចាំឆ្នាំ ១៥ មេសា សម្រាប់ការបង់ពន្ធ។
ការប៉ាន់ស្មានប្រាក់កម្ចីថ្មីមានចំនួនច្រើនជាង ៣ ទ្រីលានដុល្លារដុល្លារលើសការប៉ាន់ស្មានពីមុនរបស់រដ្ឋាភិបាល ដែលជាសញ្ញានៃផលប៉ះពាល់នៃកម្មវិធីថ្មីលើជំរុញសេដ្ឋកិច្ចរបស់ខ្លួន។
ការពិភាក្សាកំពុងដំណើរការលើជំនួយបន្ថែមទៀត ទោះបីសមាជិកបក្សសាធារណរដ្ឋខ្លះបានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់នៃការចំណាយកាន់តែច្រើន ទៅលើបំណុលជាតិដែលកំពុងកើនឡើងយ៉ាងខ្លាំងរបស់ប្រទេសនេះ។
អាមេរិកខ្ចីប្រាក់តាមរយៈការលក់ប័ណ្ណបំណុលរដ្ឋាភិបាល។ វាជាប្រវត្តិសាស្ត្រ ក្នុងទទួលបានអត្រាការប្រាក់ទាប ដោយសារបំណុលរបស់ខ្លួនត្រូវបានមើលឃើញថាជាហានិភ័យទាបដោយវិនិយោគិននៅជុំវិញពិភពលោក។
ប៉ុន្តែសូម្បីតែមុនពេលការរីករាលដាលជំងឺ COVID-19 ក៏ដោយ ការបន្ទុកបំណុលរបស់ប្រទេសនេះបាននិងកំពុងឈានដល់កម្រិតមួយដែលអ្នកសេដ្ឋកិច្ចជាច្រើនចាត់ទុកថាជាហានិភ័យសម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែង ព្រោះប្រទេសនេះបានចំណាយច្រើន។
ការិយាល័យថវិកាសភាអាមេរិកកាលពីខែមុន បានព្យាករណ៍ថា ឱនភាពថវិកានឹងឡើងដល់ ៣,៧ ទ្រីលានដុល្លារនៅឆ្នាំនេះ ខណៈបំណុលជាតិកើនឡើងខ្ពស់ជាង ១០០ ភាគរយ នៃផលិតផលក្នុងស្រុកសរុប៕ BBC






