សេដ្ឋកិច្ចរបស់ប្រទេស ៤ ក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន រងសម្ពាធខ្លាំងដោយសារបញ្ហាជាច្រើន

ចែករំលែក

ដោយ ហ្សូលី

ភ្នំពេញ៖ សេដ្ឋកិច្ចរបស់បណ្តារប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន ៤ ដូចជា ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) កំពុងប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងស្ទើរតែគ្រប់វិស័យ ដោយសារតែជំងឺរាតត្បាត Covid-19 ។

ទីភ្នាក់ងារសារព័ត៌មានវៀតណាម Vietnam News Agency បានដកស្រង់សម្តីទីភ្នាក់ងារព័ត៌មានធនាគារ Maybank លោក គីម អេង បានវាយតម្លៃថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសទាំង ៤ ត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះយ៉ាងលឿនដល់ទៅ ៣ ភាគរយនៅឆ្នាំ២០២០នេះ ពោលគឺធ្លាក់ចុះពី ៦,៩ ភាគរយកាលពីឆ្នាំមុន មុនពេលងើបឡើងដល់ ៦,៥ ភាគរយនៅឆ្នាំ២០២១ក្រោយ។

ការវាយតម្លៃនេះបានឲ្យដឹងថាប្រទេសកម្ពុជានឹងរងផលប៉ះពាល់អាក្រក់បំផុតដោយមានកំណើនត្រឹមតែ ០,៥ ភាគរយពោលគឺធ្លាក់ចុះពី ៧ ភាគរយកាលពីឆ្នាំ ២០១៩។ ដោយសារតែការពឹងផ្អែកខ្ពស់លើវិស័យទេសចរណ៍ វិស័យពាក់ព័ន្ធ វិស័យដឹកជញ្ជូនមានចំនួន ១២,៣ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន និងការនាំចេញវាយនភណ្ឌនិងសម្លៀកបំពាក់ដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។ ប្រទេសកម្ពុជាមិនទាន់ដាក់ចេញនូវវិធានការបិទប្រទេសនៅឡើយទេ ទោះបីច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នត្រូវបានអនុម័តនាពេលថ្មីៗនេះ។

ប្រទេសវៀតណាមត្រូវបានគេរំពឹងថា ប្រសើរឡើងជាងជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុប ៣,៦ ភាគរយ ព្រោះរចនាសម្ព័ន្ធសេដ្ឋកិច្ចចម្រុះ ជំហរសារពើពន្ធនិងមូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អ ទោះបីជាតួលេខនេះនៅតែធ្លាក់ចុះយ៉ាងខ្លាំងពី ៧ ភាគរយ កាលពីឆ្នាំមុនក៏ដោយ។ វៀតណាមបានបន្ធូរបន្ថយវិធានការណ៍ឃ្លាតឆ្ងាយពីសង្គមនៅថ្ងៃទី ២៣ ខែមេសា ដោយក្រុមហ៊ុនពាណិជ្ជកម្ម និងអាជីវកម្មលក់រាយត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញរីឯការដឹកជញ្ជូនសាធារណៈបានបន្តឡើងវិញដូចគ្នា។

ប្រទេសមួយទៀតគឺ មីយ៉ាន់ម៉ាដែលមានកំណើន ២ ភាគរយនៅឆ្នាំនេះពោលគឺធ្លាក់ចុះពី ៦,៨ ភាគរយកាលពីឆ្នាំមុន។ ប្រទេសនេះក៏ពឹងផ្អែកយ៉ាងខ្លាំងលើវិស័យទេសចរណ៍ផងដែរ ដោយវិស័យទេសចរណ៍និងវិស័យដឹកជញ្ជូនមានរហូតដល់ ១១,២ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។ តួលេខនេះអាចនឹងមានទំហំធំជាងនេះ ប្រសិនបើផ្នែកស្នាក់នៅនិងសេវាកម្មម្ហូបអាហារត្រូវបានគេពិចារណា។ ប្រទេសមីយ៉ាន់ម៉ាងាយរងគ្រោះបំផុតចំពោះការដួលរលំនៃតម្រូវការផលិតកម្ម និងនាំចេញដោយការផលិតមានចំនួន ២៤,២ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។

ចុងក្រោយគឺប្រទេសឡាវ មានប្រមាណ ៧.៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប រីឯទេសចរណ៍និងដឹកជញ្ជូនមានតែ ៣,៩ ភាគរយប៉ុណ្ណោះ។ យ៉ាងណាមិញ ប្រទេសនេះពឹងផ្អែកខ្លាំងលើអគ្គិសនីនិងឧស្ម័នជំនួសប៉ុន្តែនៅតែប្រឈមដល់សេដ្ឋកិច្ចដដែល នៅពេលរោងចក្រទាំងនោះព្យួរការងារ ធ្វើដំណើរការយឺត និងបិទ។ កំណើននៅប្រទេសឡាវត្រូវបានគេព្យាករណ៍ថានឹងមានចំនួន ២,៤ ភាគរយនៅឆ្នាំនេះ ពោលគឺធ្លាក់ចុះពី ៤,៧ ភាគរយកាលពីឆ្នាំមុន៕ Straits Times


ចែករំលែក