ដោយវុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុន Alibaba របស់មហាសេដ្ឋីលំដាប់ពិភពលោក Jack Ma បង្កើតព្រឹត្តិការណ៍ប្រកួតប្រជែងទេពកោសល្យពាណិជ្ជកម្មអេឡិចត្រូនិកឆ្នាំ២០២០ (The Alibaba Global E-commerce Talent – GET) ដែលនឹងប្រព្រឹត្តិទៅនៅខែមិថុនា និងកក្តដា នៅកម្ពុជាសម្រាប់ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។

យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា សាកលវិទ្យាល័យបាត់ដំបងបានសហការជាមួយក្រុមហ៊ុនអាលីបាបា រៀបចំកម្មវិធីប្រកួតប្រជែងទេពកោសល្យពាណិជ្ជកម្មអេឡិចត្រូនិកសាកលអាលីបាបា ឆ្នាំ២០២០ (The Alibaba Global E-commerce Talent – GET) ដើម្បីបង្កើតដំណោះស្រាយឌីជីថលសម្រាប់អាជីវកម្មបុគ្គល និងស្ថាប័នដែលរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ-១៩។
ក្រសួងអប់រំ បានញ្ជាក់ថា កាលបរិច្ឆេទទទួលពាក្យតាមអនឡាញរហូតដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ហើយសម្រាប់លក្ខខណ្ឌចូលរួម កម្មវិធី Alibaba GET Global Challenge សម្រាប់សហគ្រិនវ័យក្មេង និងយុវវ័យមានអាយុចាប់ពី ១៨ ដល់ ៣០ ឆ្នាំ។
ក្រសួងអប់រំបន្ថែមថា សម្រាប់អ្នកដែលមានបំណង ចុះឈ្មោះជាក្រុមដែលមានសមាជិកពី ៣ ទៅ ៥ នាក់ (សមាជិកយ៉ាងតិចម្នាក់អាចប្រាស្រ័យទាក់ទង ភាសាអង់គ្លេសបានល្អ) មានគំនិតអាជីវកម្មថ្មី ឬអាជីវកម្មដែលបានដំណើរការតិចជាង១ឆ្នាំ និងមិនធ្លាប់ទទួលបានការឧបត្ថម្ភថវិកាពីស្ថាប័នណាមួយដែលមានទឹកប្រាក់លើសពី ១០០,០០០ ដុល្លារសម្រាប់គម្រោងបច្ចុប្បន្ន។

សម្រាប់រង្វាន់ការប្រកួតប្រជែងថ្នាក់អន្តរជាតិរួមមាន៖
– ចំណាត់ថ្នាក់លេខ១៖ ១៤,០០០ ដុល្លារនៃមូលនិធិអាជីវកម្ម + ដំណើរស្វែងរករបកគំហើញសេដ្ឋកិច្ចឌីជីថលនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន Alibaba នៅទីក្រុងហាំងចូវប្រទេសចិន + ចុះឈ្មោះចូលរៀនជាមួយធនាគារ Alibaba GET Talent ដែលមានទំនាក់ទំនងជាមួយគ្រូបង្រៀន វិនិយោគិន និយោជក ប្រកបដោយសក្តានុពល និងឱកាសអាជីវកម្ម។
– ចំណាត់ថ្នាក់លេខ២៖ ៧,០០០ ដុល្លារនៃមូលនិធិអាជីវកម្ម + ចុះឈ្មោះចូលរៀនជាមួយធនាគារ Alibaba GET Talent។
– ចំណាត់ថ្នាក់លេខ៣៖ ១,៤០០ ដុល្លារនៃមូលនិធិអាជីវកម្ម + ចុះឈ្មោះចូលរៀនជាមួយធនាគារ Alibaba GET Talent៕






