ដោយ ៖ ប៊ី
ក្រុងតូក្យូ ៖ ប្រទេសជប៉ុននឹងចាប់ផ្តើមកម្មវិធីឧបត្ថម្ភធនមួយដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតក្នុងស្រុកដើម្បីផ្ទេរមូលដ្ឋានផលិតកម្មនៅក្រៅប្រទេសរបស់ពួកគេទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ដោយសារតែជំងឺរាតត្បាត COVID-19 បានបង្អាក់ដល់បណ្តាញផ្គត់ផ្គង់របស់ពួកគេដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រទេសចិន។

កម្មវិធីឧបត្ថម្ភធន ២៣.៥ ពាន់លានយ៉េន (៧ ពាន់លានបាត) ឬ (ប្រមាណ២១៥.៧ លានដុល្លារ) នេះ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងកញ្ចប់ជួយសង្គ្រោះបន្ទាន់របស់រដ្ឋាភិបាលដើម្បីបន្ធូរបន្ថយការធ្លាក់ចុះនៃសេដ្ឋកិច្ចពីជំងឺរាតត្បាត នឹងជួយក្រុមហ៊ុននានាធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ ដោយជួយផ្នែកហិរញ្ញវត្ថុដល់ការសាងសង់កន្លែងផលិតកម្មក៏ដូចជាការសិក្សាពីលទ្ធភាពនៅក្នុងបណ្តាប្រទេសអាស៊ាន។
គំនិតផ្តួចផ្តើមនេះបានកើតឡើងបន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តជាច្រើន និងក្រុមហ៊ុនផលិតផ្សេងទៀតបានទទួលរងនូវកង្វះខាតផ្នែកសម្ភារៈ ដែលផលិតនៅក្នុងប្រទេសចិន បន្ទាប់ពីការផ្ទុះឡើងនៃមេរោគថ្មីនេះបានចាប់ផ្តើមកាលពីចុងឆ្នាំមុននៅក្នុងទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន។
មន្ត្រីក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្ម និងឧស្សាហកម្មបាននិយាយថា “សូម្បីតែមុនពេលការផ្ទុះវីរុសនេះ មានតម្រូវការកាន់តែច្រើនសម្រាប់ក្រុមហ៊ុនជប៉ុនក្នុងការបង្កើតមូលដ្ឋានផលិតកម្មនៅក្នុងតំបន់អាស៊ាន។ គម្រោងឧបត្ថម្ភធននេះ នឹងជួយប្រទេសរបស់យើងកសាងទំនាក់ទំនងល្អប្រសើរជាមួយបណ្តាប្រទេសអាស៊ានផងដែរ”។
ដើម្បីចៀសវាងហានិភ័យផ្សេងៗដែលទាក់ទងនឹងការពឹងផ្អែកយ៉ាងខ្លាំងទៅលើផលិតកម្មនៅក្នុងប្រទេសចិន ដូចជាបាតុកម្មប្រឆាំងជប៉ុន ការតម្លើងប្រាក់ឈ្នួល និងសង្គ្រាមពន្ធរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ក្រុមហ៊ុនជប៉ុនបានជ្រើសរើសយកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍សម្រាប់មូលដ្ឋានផលិតកម្មជំនួសក្រោមយុទ្ធសាស្ត្រ “ប្រទេសចិនបូកមួយ”។
នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយផ្សេងទៀតដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ រដ្ឋាភិបាលនឹងចំណាយថវិកាចំនួន ២២០ ពាន់លានយ៉េន ដើម្បីជំរុញផលិតផលក្នុងស្រុក ដែលបច្ចុប្បន្នត្រូវបាននាំចូលយ៉ាងច្រើនពីតំបន់មួយចំនួន។ ប្រាក់ឧបត្ថម្ភនេះនឹងរួមបញ្ចូលផងដែរនៅក្នុងកម្មវិធីជំរុញសេដ្ឋកិច្ច ប្រាក់ឧបត្ថម្ភនេះនឹងគាំទ្រផ្នែកហិរញ្ញវត្ថុដល់ការផ្លាស់ប្តូរទីតាំងផលិតកម្មនៅបរទេសរបស់ក្រុមហ៊ុនជប៉ុននៅឯប្រទេសកំណើតខ្លួន។
កម្មវិធីនេះក៏នឹងផ្តោតសំខាន់ទៅលើក្រុមហ៊ុនផលិតសម្ភារៈ ដែលចាំបាច់សម្រាប់ប្រជាជនជប៉ុន ដើម្បី “ឱ្យមានសុខភាពល្អ” ចំពេលមានការផ្ទុះឡើងជំងឺ COVID-19 រួមទាំងម៉ាស និងទឹកលាងសម្អាតជាតិអាល់កុល។ ក្រុមហ៊ុនទាំងនេះអាចទទួលបានប្រាក់ឧបត្ថម្ភ នៅពេលពួកគេបើករោងចក្រថ្មីឬបង្កើនសមត្ថភាពផលិតដែលមានស្រាប់នៅក្នុងប្រទេសជប៉ុន។
![]()
ក្រសួងបានឱ្យដឹងថា ការឧបត្ថម្ភធននេះនឹងគ្របដណ្តប់រហូតដល់ ២ ភាគ ៣ នៃការវិនិយោគក្នុងការជំរុញផលិតកម្មក្នុងស្រុកនៃសម្ភារៈ សំខាន់ៗ សម្រាប់ក្រុមហ៊ុនធំៗ និង ៣ ភាគ ៤ សម្រាប់ក្រុមហ៊ុនខ្នាតតូចនិងមធ្យម។
យោងតាមសមាគមឧស្សាហកម្ម អនាម័យ ផលិតផលជប៉ុន ម៉ាសចំនួន ៨០ ភាគរយ នៅក្នុងប្រទេសក្នុងឆ្នាំ ២០១៨ ត្រូវបាននាំចូលភាគច្រើនមកពីប្រទេសចិន។ ម៉ាសបានខ្វះខាតចាប់តាំងពីការផ្ទុះឡើងនៃមេរោគថ្មីនេះ ដែលជំរុញឱ្យ នាយករដ្ឋមន្រ្តីលោក ស៊ីន ហ្សូអាបេ បើកដំណើរការកម្មវិធីចែកចាយម៉ាសក្រណាត់ពីរនៅទូទាំងប្រទេស។
ថវិកាសម្រាប់កម្មវិធីឧបត្ថម្ភធនទាំងពីរត្រូវបានដាក់បញ្ចូលក្នុងកញ្ចប់ថវិកាបន្ថែម ២៥,៦៩ ទ្រីលានយ៉េនសម្រាប់ឆ្នាំ ២០២០ ដើម្បីផ្តល់ហិរញ្ញប្បទានដល់សកម្មភាពជំរុញសេដ្ឋកិច្ច។
យោងតាមទិន្នន័យពាណិជ្ជកម្មរបស់ក្រសួងហិរញ្ញវត្ថុជប៉ុន ផ្នែកគ្រឿងបន្លាស់រថយន្តមកពីប្រទេសចិនមានចំនួន ៣៦,៩ ភាគរយ នៃការនាំចូលសរុបរបស់ប្រទេសជប៉ុនក្នុងឆ្នាំ ២០១៩ ខណៈទូរស័ព្ទមកពីប្រទេសជិតខាងអាស៊ីមានចំនួន ៨៥.៥ ភាគរយនៃតម្លៃនាំចូលសរុប។

លោក Takahiro Fujimoto សាស្រ្តាចារ្យនៅមហាវិទ្យាល័យសេដ្ឋកិច្ច Tokyo’s Graduate School of Economics បាននិយាយថា កម្មវិធីឧបត្ថម្ភធនគឺសមហេតុផលក្នុងទស្សនៈខ្លះសម្រាប់រយៈពេលវែង ព្រោះកម្មវិធីទាំងនេះ នឹងជម្រុញឱ្យក្រុមហ៊ុនផលិតរបស់ជប៉ុន មានតុល្យភាពផលិតកម្មល្អប្រសើរក្នុងចំណោមប្រទេសជប៉ុន ចិន និងអាស៊ាន។
ប៉ុន្តែ លោក Fujimoto ដែលជំនាញខាងបណ្តាញផ្គត់ផ្គង់របស់ក្រុមហ៊ុនជប៉ុន បានចង្អុលបង្ហាញថា ការធ្វើពិពិធកម្ម និងការធ្វើមូលដ្ឋានីយកម្មនៃមូលដ្ឋានផលិតកម្មសកលរបស់ពួកគេមិនគួរត្រូវបានផ្សព្វផ្សាយទេ ប្រសិនបើវាអាចធ្វើឱ្យប៉ះពាល់ដល់គុណប្រយោជន៍នៃការចំណាយរបស់ក្រុមហ៊ុន។
លោកបានមានប្រសាសន៍ថា “វាមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យប្រព័ន្ធផលិតកម្មរបស់ពួកគេមានទាំងការប្រកួតប្រជែង និងសម្របខ្លួនទៅនឹងគ្រោះមហន្តរាយ”៕ Kyodo News






