ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នឹង​បើកចំហរ​ឱ្យ​សាធារណៈ​ចូល​ទស្សនកិច្ច ក្រោយ​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ

0

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នឹង​បើកចំហរ​អនុញ្ញាតឱ្យ​សាធារណៈជន​ទូទៅ ក៏ដូចជា​សិស្ស និស្សិត និង​ទេសចរ​នានា​បាន​ចូល​ទស្សនា និង​ស្វែងយល់​យ៉ាង​ទូលាយ​បន្ទាប់ពី​ការសាងសង់​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​នៅត្រឹម​ចុងខែ​ធ្នូ ឆ្នាំ២០២ឆាប់ៗខាងមុខនេះ។

អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ា​ត់ ចំរើន មានប្រសាសន៍​កាលពី​ថ្ងៃ​ទី៦ ខែឧសភា ឆ្នាំ២០២០ថា ក្រោយ​បញ្ចប់​ការសាងសង់​នា​ដំណាច់ឆ្នាំ២០២០ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នឹងត្រូវ​បាន​បើកចំហរ​ទស្សនកិច្ច​ស្វែងយល់​ដោយ​ទទួល​ស្វាគមន៍​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់។

លោក​បាន​បញ្ជាក់ថា “ការបើកទទួល​នេះ ដើម្បី​ផ្តល់ឱកាស​ទូលាយ​ជូន​ដល់​សិស្ស និស្សិត យុវជន មគ្គុទេសក៍​ទេសចរណ៍ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ សម្រាប់​កិច្ច ការ​ស្រាវ​ស្រាវ​ស្វែងយល់ កម្សាន្ត ទេសចរណ៍ ដើម្បី​ធ្វើឱ្យ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ក្លាយជា​តំបន់​ទេសចរណ៍​ថ្មី​មួយ ការសិក្សា​ថ្មី​មួយ កន្លែង​អប់រំ​ថ្មី​មួយ ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ឱ្យ​ពួកគាត់​ស្រឡាញ់​កីឡា ហេដ្ឋារចនាសម្ព័ន្ធ​កីឡា សម្រាប់​គ្រប់​គ្រឹះស្ថានសិក្សា គ្រប់​ក្រសួង​ស្ថាប័ន ដែល​ចង់ទៅ​ធ្វើ​ធ្វើ​ទស្សនកិច្ច​ស្វែងយល់​ពី​ភាព​លេចធ្លោ ភាព​អស្ចារ្យ​ប៉ុណ្ណា ដើម្បី​ផ្សព្វផ្សាយ​ពី​កេរតំណែល​សម្រាប់​កូនចៅ​ជំនាន់ក្រោយៗទៀត។

លោក​បាន​បន្ថែមទៀតថា “សមិទ្ធផល​ដ៏​អស្ចារ្យ​ថ្មី​មួយ​នេះ​នឹង​បង្ហាញ​រូបរាង​ជា​ស្ថាពរ​នៅ​ដើមឆ្នាំ២០២១ ហើយ​យើង​នឹងធ្វើ​កម្មវិធី​នានា​ឱ្យបាន​ល្អប្រសើរ ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ទៅដល់​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ក្នុង​គោលបំណង​ឱ្យ​គាំទ្រ​ដល់​ដំណើរការ​ឆ្ពោះទៅ​ទទួល​រៀបចំ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី៣២ ឆ្នាំ២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នេះ​គឺជា​សារ​ដ៏​សំខាន់ ដែល​យើងខ្ញុំ​នឹង​ត្រៀម​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ” ។

ចាប់ពី​ឆ្នាំ២០២១ទៅ គណៈកម្មាធិការ​ជាតិ​អូរ​ឡាំ​ពិ​កមាន​ផែនការ​ច្បាស់លាស់ ដូចជា​បង្កើត​ព្រឹត្តិការណ៍​ប្រកួតប្រជែង​ស្នាដៃ​គូររូប​ដោយ​ដៃ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ដើម្បី​យក​ស្នាដៃ​ទាំងនោះ ទៅ​ដាក់តាំង​បង្ហាញ​នៅក្នុង​ពិព័រណ៍​នាពេល​ស៊ី​ហ្គេម ឆ្នាំ២០២៣ ។ នេះ​ជា​គំនិត​បំផុសស្មារតី​ឱ្យ​កូន​ខ្មែរ​ចូលរួមចំណែក​ក្នុង​គោលដៅ​ស៊ី​ហ្គេម ២០២៣ ។ ក្រៅពីនេះ​នៅមាន​កម្មវិធី​ជាច្រើន​ទៀត ដើម្បី​សម្រួច​គោលដៅ​ឱ្យ​គ្រប់ផ្នែក​ទាំងអស់​ទទួល​បាន​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​នៃ​ស៊ី​ហ្គេម ជា​លើកដំបូង​របស់​កម្ពុជា ក្រោយពី​ប្រជាពលរដ្ឋ​ខ្មែរ​ទទួលបាន​នូវ​មរតក​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​មហាសាល​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here