ធនាគារ SME ត្រៀមហិរញ្ញប្បទាន ១៥០លានដុល្លារ ដើម្បីគាំទ្រវិស័យសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា

ចែករំលែក

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖  ធនាគារ SME ដែលបានបង្កើតឡើងរដ្ឋាភិបាលសម្រាប់គាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញផលិតភាពក្នុងស្រុកឱ្យកាន់តែមាឧត្តមភាពខ្ពស់ ក្រោមការចូលរួមសហការពីសំណាក់ធនាគារឯកជនចំនួន៣៣ បានបង្កើនកញ្ចប់ឥណទានបម្រុងរហូតដល់ប្រមាណ១៥០លានដុល្លារ។ 

ប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យម លោកឧកញ៉ា តែ តាំងប៉ បានមានប្រសាសន៍នៅក្នុងអង្គសន្និសីទសារព័ត៌មានស្ដីពីគម្រោងសហហិរញ្ញប្បទានទ្រទ្រង់ SME នៅទីស្ដីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០នេះថា រហូតមកដល់បច្ចុប្បន្ននេះ កញ្ចប់សហហិរញ្ញប្បទាននៃធនាគារ SME ក្រោមការចូលរួមគាំទ្រ និងសហការពីបណ្តាធនាគារឯកជនជាដៃគូបានកើនឡើងរហូតដល់ប្រមាណ១៥០លានដុល្លារ។ 

លោកឧកញ៉ា តែ តាំងប៉ បានមានប្រសាសន៍ថា “សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជានេពេលបច្ចុប្បន្ននេះមានកំណើនរហូតដល់ប្រមាណជាង៥៣ម៉ឺនមូលដ្ឋាននៅទូទាំងប្រទេស ដោយក្នុងនោះមានសហគ្រាសខ្លះកំពុងតែជួបបញ្ហា និងមានតម្រូវការថវិកាសម្រាប់ទ្រទ្រង់គាំទ្រដល់ដំណើរការផលិតកម្មរបស់ខ្លួននៅក្នុងគ្រាអាសន្ននៃវិបត្តិជំងឺ Covid-19”។ 

លោកឧកញ៉ាបន្តថា “សម្រាប់ធនាគារ SME ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងជាមួួយនឹងការផ្តល់ថវិការចំនួន១០០លានដុល្លារ។ បន្ថែមពីនេះ រហូតមកដល់ពេលបច្ចុប្បន្ននេះ ដោយមានកិច្ចសហការពីសំណាក់បណ្តាធនាគារឯកជនចំនួន៣៣គ្រឹះស្ថាន កញ្ចប់ឥណទាននៃសហហិរញ្ញប្បទានបានកើនឡើងដល់ប្រមាណ១៥០លានដុល្លារ សម្រាប់ឆ្លៀយតបទៅនឹងតម្រូវការចាំបាច់របស់សហគ្រិនដែលជួបបញ្ហា និងផលលំបាកនៅក្នុងដំណើរផលិតកម្ម”។ លោកបាបញ្ជាក់ថា “ធនាគារនេះមានគោលដៅច្បាស់លាស់ និងលើកកម្ពស់ជាពិសេសដល់សហគ្រាសធុនតូច និងមធ្យម ផ្នែកកម្មន្តសាល កែច្នៃផលិតផលកសិកម្មជាចម្បង សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងពង្រីកវិសាលភាពឱ្យកាន់តែទូលំទូលាយ”។ 

សម្រាប់លក្ខខណ្ឌនៃការទទួលបានឥណទាន គ្រប់បណ្តាសហគ្រិនទាំងអស់សុទ្ធតែអាចមានឱកាស ក្រោមការសិក្សាលម្អិតពីលទ្ធភាពដោយគណៈកម្មការមន្ត្រីជំនាញរបស់ធនាគារដែលជាដៃគូ ក៏ដូចជាធនាគារ SME ផ្ទាល់ ដែលស្ថិតនៅក្រោមអាណាព្យាបាលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕


ចែករំលែក